​(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ បាននិយាយថា កូរ៉េខាងជើងទំនងជាបានដឹកនាំការសាកល្បងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ​ជាលើកទី០៦ហើយ ដោយបង្កឱ្យមានគ្រោះរញ្ជួយដី សម្បនិម្មិត ៥.៦រ៉ិចទ័រ។ ព័ត៌មាននេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង អះអាងថាខ្លួនផលិតបានដោយជោគជ័យក្បាលគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនដែលអាច បំពាក់លើមីស៊ីលឆ្លងទ្វីប ICBM។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ច​ទៅកាន់មជ្ឈមណ្ឌលសិក្សាអាវុធនុយក្លេអ៊ែរ ព្រមទំាង បានកត់សម្គាល់ថាមជ្ឈមណ្ឌមួយនេះផលិតបាន​ដោយជោគជ័យនូវអាវុធនុយក្លេអ៊ែរ​ក្នុងកម្រិតជឿនលឿនខ្ពស់បំផុត តាមការចង់បានរបស់គណបក្សពលករ។ ជាងនេះទៅទៀត លោកគីម ក៏ត្រូវបាន គេជូនដំណឹងពីស្ថានភាពនៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ក៏ដូចជាបានធ្វើអធិការកិច្ចគ្រាប់បែកអ៊ីដ្រូសែនសម្រាប់បំពាក់លើគ្រាប់មីស៊ីល ICBM ផងដែរ។ មេដឹកនាំវ័យក្មេងរូបនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «រាល់សមាសភាពទាំងអស់គឺត្រូវបាន​ផលិតនៅក្នុងស្រុក១០០ភាគរយ...ហើយចាប់ពីពេលនេះតទៅយើងនឹងមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ កាន់តែច្រើន ដ៏មានឥទ្ធិពលតាមបំណងរបស់យើង ស្របពេលដែលគ្រាប់បែកអ៊ីដ្រូសែន ត្រូវបានអភិវឌ្ឍពីទម្ងន់បំផ្ទុះរាប់សិបគីឡូតោន ទៅរាប់រយគីឡូតោន»

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញមួយចំនួនធ្លាប់រំពឹងថាកូរ៉េខាងជើង អាចនឹងផលិតបានសម្រេចមីស៊ីលឆ្លងទ្វីប​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​បាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២២ ហើយបើទោះជាកំពុងជាប់ទណ្ឌកម្មពីអន្តរជាតិក៏ដោយ ក៏របបដឹកនាំទីក្រុងព្យុងយ៉ាង នៅតែចចេសបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។ មួយវិញទៀត ចាប់តាំងពីឆ្នាំ២០០៦ មក កូរ៉េខាងជើងបានបំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរចំនួន០៥លើក ក្នុងនោះនៅឆ្នាំ២០០៦ ឆ្នាំ២០០៩ ,២០១៣ និងឆ្នាំ២០១៦ ចំនួនពីរលើក៕