(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបញ្ចប់ការធ្វើ​សមយុទ្ធយោធា​រួមគ្នា​ទ្រង់ទ្រាយធំ​ប្រចាំឆ្នាំ តាមការ​គ្រោងទុក​នៅថ្ងៃព្រហស្បតិ៍នេះ ខណៈភាពតានតឹង​នៅលើ​ឧបទ្វីបកូរ៉េ កើន ឡើងជាថ្មី​ក្រោយ​កូរ៉េខាងជើង ​បាញ់សាកល្បង​មីស៊ីលរំលង​ប្រទេសជប៉ុន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។

សមយុទ្ធយោធា​ប្រចាំឆ្នាំ​ឈ្មោះ Ulchi Freedom Guardian (UFG) បានចាប់ផ្ដើមតាំងតែពីថ្ងៃទី២១ ខែសីហា ដោយមាន​ការចូលរួមពីកងទ័ព​អាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូង​ច្រើនជាង ៥០,០០០នាក់ រួមទាំង ៣,០០០នាក់ ផ្សេងទៀតមកពី​មូលដ្ឋានទ័ព​បរទេស។ ចំណែកឯ​បណ្ដារដ្ឋ​ចំនួន ០៧ មានដូចជា អូស្ត្រាលី កាណាដា កូឡុំប៊ី ដាណឺម៉ាក នូវែលសេឡង់ ហូឡង់ និងអង់គ្លេស ក៏បានចូលរួម​នៅក្នុង​សមយុទ្ធយោធា​នេះដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បានថ្កោលទោស និងជំទាស់យ៉ាងខ្លាំង​នឹងសមយុទ្ធយោធា​រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្បិតទីក្រុង​ព្យុងយ៉ាង​គិតថា វាគឺជាការត្រៀម​លក្ខណៈ​ចូលឈ្លាន ផ្ដួលរំលំ​របបដឹកនាំ លោក គីម ជុងអ៊ុន ហើយជាការ​ឆ្លើយតប​របបកម្មុយនីស្ដឯកោមួយនេះ បានបាញ់​សាកល្បងមី​ស៊ីលផ្លោង​រយៈចំងាយមធ្យម​មួយគ្រាប់​ ហោះរំលងប្រទេសជប៉ុន​កាលពីថ្ងៃ​អង្គារ បន្ទាប់ខ្លួនបាន​បរាជ័យ​ក្នុងការធ្វើតេស្ដ​មីស៊ីល​បីគ្រាប់៕