(ការ៉ាកាស់)៖ បើទោះជាកំពុង​ត្រូវសហរដ្ឋអាមេរិក​សង្កត់ក តាមរយៈការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ក៏ដោយ ក៏ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្គាប់ឱ្យ​រដ្ឋាភិបាល របស់លោក​ផ្ដល់ជំនួយជាង ៥លានដុល្លារអាមេរិក ជួយដល់ជន​រងគ្រោះដោយ​សារតែខ្យល់ព្យុះ ហ៊ឺរីខិន ហាវេយ (Havey)។ នេះបើតាមរដ្ឋមន្ត្រី​ការបរទេសវេណេស៊ុយអេឡា ដកស្រង់ដោយសារព័ត៌មាន Sputnik​​​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។

យោងតាមរដ្ឋមន្ត្រី​ការបរទេស​វេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) ជំនួយទាំងនេះ​នឹងផ្ដល់ទៅឱ្យទីក្រុង​ចំនួនពីរ នៅភាគអាគ្នេយ៍នៃរដ្ឋ តិចសាស់ (Texas) ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ​តែទឹកជំនន់បង្ក​ឡើងដោយព្យុះ Hurricane ដ៏កំណាច ហើយជំនួយនេះទៀតសោត​នឹងត្រូវផ្ដល់ជូន តាមរយៈក្រុមហ៊ុនចំរាញ់​ប្រេង​វេណេស៊ុយអេឡា​ឈ្មោះ ស៊ីតហ្គោ (Citgo) មានមូលដ្ឋាននៅក្នុង​សហរដ្ឋអាមេរិក ជាការបង្ហាញពី​កាយវិការ​សាមគ្គីភាព​របស់លោក ម៉ាឌូរ៉ូ។

លោក Jorge Arreaza បានបញ្ជាក់​ដូច្នេះថា «ក្រុមហ៊ុន Citgo នឹងផ្ដល់ជំនួយ​ដោយផ្ទាល់ជា​ទឹកប្រាក់ ០៥លានដុល្លារ ដើម្បីជួយ​ដល់គ្រួសារ​ជនរងគ្រោះ នៅក្នុងទីក្រុង ហួស្តុន (Houston) និងទីក្រុង ខរភូស គ្រីស្ទី (Corpus Christi) ក្រោមកិច្ច​សហប្រតិបត្តិការ​ជាមួយអភិបាលក្រុង និងអាជ្ញាធរ​របស់ពួកគេ»

គួរបញ្ជាក់ថា ព្យុះ Hurricane ហាវេយ ដែលបង្កជាគ្រោះ​ទឹកជំនន់​ដ៏ធំបានវាយប្រហារ​មក​លើរដ្ឋ Texas តាំងតែពី​ថ្ងៃទី២៥ ខែសីហាមក ដោយបានផ្ដាច់​អាយុជីវិតមនុស្ស ២០នាក់ និងរាប់ពាន់នាក់ ត្រូវជម្លៀសទៅកាន់ទីទួល​មានសុវត្ថិភាព ខណៈវាបានបង្កគ្រោះមហន្តរាយ និងការបំផ្លាញទ្រព្យសម្បត្តិដ៏​ច្រើនលើសលប់ ដែលអាមេរិកនឹងត្រូវការ​ពេលរាប់ឆ្នាំ ទើបអាចស្តារស្ថានភាពឲ្យដូចដើមឡើងវិញបាន៕