(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ ហោះពី លើដែនអាកាសជប៉ុន មុនធ្លាក់ចូលក្នុងតំបន់ដែនទឹកស្ថិតនៅភាគខាងជើងទីប្រជុំកោះ Hokkaido។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងបែបនេះ នៅអំឡុងធ្វើសន្និសិទសារព័ត៌មាន​ដ៏ខ្លីមួយនៅឯទីក្រុង​ប៉េកាំង។ ប្រតិកម្មរបស់ទីក្រុងប៉េកាំងកើតមាន ឡើង ចំពេលយោធាកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធា​ទម្លាក់គ្រាប់បែកសម្ញែងកូរ៉េខាងជើង នៅក្បែរតំបន់​ព្រំដែនអន្តរកូរ៉េ ​នៃទីក្រុងតែបែក (Taebaek) តាមការបង្គាប់បញ្ជា​របស់ប្រធានាធិបតី លោក មូន ជែអ៊ីន ដោយមាន​ការចូលរួមពីយន្ដហោះ F15K ០៤គ្រឿងធ្វើការទម្លាក់គ្រាប់បែក MK84 ០៨គ្រាប់ ដែលមួយគ្រាប់​មានទម្ងន់​មួយតោន។ ក៏ប៉ុន្តែ សមយុទ្ធយោធាបែបនេះ ត្រូវបានចិនថ្កោលទោសជារឿយៗថាមិនមែនជាមធ្យោបាយដោះស្រាយជាមួយកូរ៉េខាងជើងនោះទេ ខណៈទីក្រុងប៉េកាំង កំពុងចូលរួមជាមួយសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង។ យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនហាក់ដូចជាគ្មានទឹកប្រៃលើកូរ៉េខាងជើងទៀតឡើយ ត្បិតរបបកម្មុយនីស្ដមួយនេះ មិនបានស្ដាប់ការអំពាវនាវពីចិនឱ្យ បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីល ដោយហេតុថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់នៃអាវុធនុយក្លេអ៊ែរ ក្នុងការរក្សាអំណាចរបស់ ខ្លួនហើយកាន់តែច្បាស់ទៅទៀត លោក គីម ប្រហែលជាយល់ថា មិនអាចពឹងផ្អែកទៅលើចិនទំាងស្រុងទៀតទេ។ ពោលគឺទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបអាចប្រឈមមុខជាមួយ សហរដ្ឋអាមេរិក ព្រមទាំងអាចជៀសវាងគន្លងចាស់នៃអតីតមេដឹកនាំផ្ដាច់ការ លោក សាដំាហូសេន និង លោកកាដាហ្វី ដែលត្រូវស្លាប់តៃហោង ក្រោយអន្តរគមន៍យោធារបស់ទីក្រុងវ៉ាស៊ីន តោន។   

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចំងាយ​មធ្យមមួយគ្រាប់ ចេញពីតំបន់ស៊ូណាន (Sunan) នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅភាគឦសានកាលពី​វេលាម៉ោងប្រមាណ ៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល) ហើយវាបានហោះ​ឆ្លងកាត់ផ្ទៃមេឃពី​លើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូង មហាសាគរប៉ាស៊ីហ្វិកដោយរត់បាន ចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ ៥៥០គីឡូម៉ែត្រ។ នេះបើតាមយោធាកូរ៉េខាងត្បុង រីឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំជាបន្ទាន់ មួយនៅថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)៕