(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ​ត្រាំ បានព្រមានជាថ្មីម្ដងទៀតថា ជម្រើសទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាគឺមាននៅលើតុរួចជាស្រេច ដើម្បីដោះស្រាយ ជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង ផ្គើនបាញ់សាកល្បងមីស៊ីលផ្លោងទាំងព្រឹក ហោះរំលងដែនអាកាសជប៉ុន។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដគឺជាប្រភេទមីស៊ីលផ្លោង​រយៈចម្ងាយមធ្យម IRBM ត្រូវបានបាញ់ចេញពីតំបន់ស៊ូណាន (Sunan) នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់ភាគឦសានកាលពីវេលាម៉ោងប្រមាណ៥៖៥៧នាទីព្រឹក (ពេលវេលានៅទីក្រុងសេអ៊ូល)។ វាបានហោះឆ្លងកាត់ផ្ទៃមេឃពីលើប្រទេសជប៉ុន មុននឹង ធ្លាក់ចូលទៅក្នុងតំបន់ដែនទឹកជប៉ុន ហើយមីស៊ីលនេះរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ៥៥០គីឡូម៉ែត្រ ។ ចំណែកឯរដ្ឋាភិបាលជប៉ុន ក៏បានអះអាងដែរថា មីស៊ីលនេះបាន ហោះឆ្លងកាត់ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុនហើយធ្លាក់ចូល ទៅក្នុងដែនទឹកចម្ងាយ១,១៨០គីឡូម៉ែត្រពីទីនោះ។

ដោយឡែកជុំវិញការធ្វើតេស្ដនេះដែរ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ពិភពលោកទទួលបានសារយ៉ាងច្បាស់ពីកូរ៉េខាងជើង ដែល បង្ហាញថារបបមួយនេះ បានមើលងាយអ្នកជិតខាងរបស់ខ្លួននិងរាល់សមាជិកអង្គការសហប្រជាជាតិ...ហើយសកម្មភាពបង្ករឿង និងបង្កអស្ថេរភាពបែបនេះមានតែធ្វើឱ្យរបបទីក្រុងព្យុងយ៉ាង កាន់តែឯកោទាំងនៅក្នុងតំបន់ និងពិភពលោក...ប៉ុន្តែជម្រើសទាំងអស់គឺមាននៅលើតុរួចជាស្រេច»។ តែទោះជាយ៉ាងនេះក្ដី នេះមិនមែនជាលើកទីមួយឡើយ ដែលលោកត្រាំ ព្រមានកូរ៉េខាង ជើង ជាក់ស្ដែងកាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានាធិបតីអាមេរិករូបនេះ ក៏ធ្លាប់ព្រមានប្រើកម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ តែក្រោយមកលោកស្រាប់តែចេញមុខសរសើរ លោក គីម ជុងអ៊ុនទៅវិញ បន្ទាប់ពីលោកគីមពន្យាពេលបាញ់មីស៊ីលឆ្ពោះទៅកាន់កោះហ្គាំ (Guam)៕