(បាងកក)៖ អាជ្ញាធរថៃពុំមាន​គម្រោងភ្លាមៗ ដើម្បីលុបសុពលភាព​លិខិតឆ្លងដែន របស់អតីត​នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បន្ទាប់ពី​រូបលោក​ស្រី​បានរត់គេចខ្លួន​ទៅក្រៅប្រទេស​កាលពីសប្តាហ៍​កន្លងទៅ មុនការប្រកាស​សាលក្រមរបស់តុលាការ​កំពូលថៃ ជុំរិញរឿងក្តីធ្វេស​ប្រហែល នៃនយោបាយទិញ​ស្រូវ​ដែលទទួលបរាជ័យ​របស់លោកស្រី។ នេះបើតាមការ​ឲ្យដឹងក្រសួង​ការបរទេសថៃ ដកស្រង់ដោយ​​ទីភ្នាក់​ងារ​ព័ត៌​មាន Reuters នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បច្ចុប្បន្នមាន​លិខិតឆ្លងដែនថៃចំនួន ០២ច្បាប់ នៅក្នុងដៃ​ ដោយមួយជា​ប្រភេទធម្មតា និងមួយផ្សេងទៀត​ជាប្រភេទការទូត ក៏ប៉ុន្តែ​អតីតមេដឹកនាំ​ថៃរូបនេះ ក៏ត្រូវគេជឿជាក់ថា មានកាន់លិខិត​ឆ្លងដែនទីបី​ផងដែរ ដែលជាលិខិតឆ្លងដែន​បរទេស។ បន្ទាប់ពីត្រូវបាន​ក្រុមអ្នក​សារព័ត៌មាន​ចោទសួរ​ថា តើក្រសួងការបរទេស នឹងដកហូតសុពលភាព​លិខិតឆ្លងដែន​របស់លោកស្រី យីងឡាក់ ដែរឬយ៉ាង​ណានោះ រដ្ឋមន្រ្តីការបរទេសថៃ បានឆ្លើយតបថា «បញ្ហា​នេះមិនទាន់ទៅ​ដល់ដៃក្រសួងការបរទេស​នៅឡើយទេ ខណៈក្រសួងមិន​ទាន់ដោះស្រាយលើ​រឿងនេះឡើយ»។ ជាមួយគ្នានេះ អ្នកនាំពាក្យម្នាក់​របស់ក្រសួង​បាន​​បង្ហើបឲ្យដឹងថា លោកមិនអាច​បញ្ជាក់ឲ្យច្បាស់ថា តើ​លោកស្រី យីងឡាក់ មានកាន់លិខិតឆ្លង​ដែន​បរទេសដែរ ឬក៏អត់នោះឡើយ។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ មានវ័យ ៥០ឆ្នាំ ពុំបានបង្ហាញខ្លួន​នៅចំពោះមុខតុលាការ​កំពូលថៃ កាលពីថ្ងៃសុក្រ​សប្តាហ៍មុន ជាកាលកំណត់​នៃ​ការ​ប្រកាសសាលក្រមលើ​រឿងក្តីប្រឆាំងរូបលោកស្រី​ឡើយ ដែលប្រការនេះបាន​ធ្វើឲ្យអ្នកគាំទ្ររាប់ពាន់នាក់ របស់អតីត​នាយករដ្ឋមន្រ្តី​ថៃរូបនេះ ដែលបាននាំគ្នាទៅ​​ប្រមូលផ្តុំគ្នា​ ក៏ដូចជារង់ចាំនៅឯតុលាការ​កំពូលនោះ មានភាពភ្ញាក់ផ្អើល​ជាខ្លាំង។

ជុំវិញការមិនបង្ហាញខ្លួននេះ ក្រុមមន្រ្តីជាន់ខ្ពស់​នៃគណបក្សភឿថៃ (Pheu Thai) របស់​លោកស្រី បានបង្ហើបឲ្យ​ដឹងថា កាលពីថ្ងៃទី១៦ ខែសីហានេះ​មកម្ល៉េះ លោកស្រី យីងឡាក់ បានភៀសខ្លួន​ទៅកាន់ទីក្រុងឌូបៃ​បាត់ហើយ ជាទីដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បងប្រុសបង្កើតរបស់លោកស្រី កំពុងតែរស់នៅ៕