​(ប៉េកាំង)៖ ផ្លូវ highway នៅតាមបណ្ដោយ​ទន្លេលឿង (Yellow River) ស្ថិតនៅភាគពាយ័ព្យប្រទេសចិន បានបើកឱ្យចរាចរណ៍​ជាផ្លូវការហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយវាមាន​ប្រវែង ៨២៨គីឡូម៉ែត។ នេះបើតាមការ​ចេញផ្សយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

យោងតាមក្រសួង​ដឹកជញ្ជូនចិន ផ្លូវ highway នេះត្រូវចំណាយ​ប្រាក់ជាង​០១ពាន់លានដុល្លារ​ក្នុងស្ថាបនា កាត់តាមស្រុក​ចំនួន ១២ ក៏ដូចជានឹងផ្ដល់ប្រយោជន៍​ដល់ប្រជាជន​ច្រើនជាង ០២លាននាក់ ហើយតភ្ជាប់​ទៅកាន់គោលដៅទេសចរណ៍ជាច្រើននៅក្នុងខេត្ត Shaanxi ក្នុងនោះរួមមានទាំងតំបន់ទឹកធ្លាក់ ហ៊ូកូវ (Hukou Waterfall) និងតំបន់ភ្នំ ហួសាន (Huashan) ដែលជាភ្នំដ៏​ពិសិដ្ឋមួយ នៃចំណោមភ្នំ​ទាំង ០៥ របស់ចិន។

បន្ថែមពី​លើនេះ​ផ្លូវ highway មួយនេះ ក៏ភ្ជាប់ទៅកាន់ផ្លូវ​ល្បឿនលឿន ០៩ខ្សែទៀត និងផ្លូវ Highway សំខាន់ៗ​ចំនួន ១៣ រួមទាំងផ្លូវចំនួន ៨០ នៅតាម​តំបន់ជនបទ​ផងដែរ។ រូបទាំងឡាយខាងក្រោមនេះ បានបង្ហាញអំពីសមត្ថភាពនៃផ្នែកវិស្វកម្មរបស់ចិន ក្នុងការកសាងផ្លូវ និងស្ពាន ឆ្លងកាត់ដងជ្រោះជ្រៅៗ និងជ្រលង​ភ្នំក្រំថ្មនានា ប្រកបដោយភាពគ្រោះថ្នាក់បំផុត តែនៅតែអាចសម្រេច​ជោគជ័យបាន៕