(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំជា​បន្ទាន់មួយនា​ថ្ងៃអង្គារនេះ ដើម្បីជជែក​ពិភាក្សាអំពី​ការបាញ់សាកល្បង​​មីស៊ីលផ្លោង​យ៉ាងគគ្លើន​ចុងក្រោយបំផុត​របស់​កូរ៉េខាងជើង ដែលបាន​ហោះឆ្លងកាត់​ប្រទេសជប៉ុន តបតាមការស្នើសុំ​ពីសំណាក់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

យោងតាមយោធា​កូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់​ខាងលើ​ត្រូវបានបាញ់ចេញពី​តំបន់ ស៊ូណាន (Sunan) ក្នុងរដ្ឋធានី​ព្យុងយ៉ាង​របស់កូរ៉េខាងជើង​តែម្តង ឆ្ពោះទៅភាគឦសាន​​កាល​ពី​វេលា​​ម៉ោង​ប្រមាណ​៥៖៥៧នាទីព្រឹក (ពេលវេលា​នៅទីក្រុងសេអ៊ូល) ហើយវាបាន​ហោះឆ្លងកាត់ផ្ទៃ​មេឃពីលើប្រទេស​ជប៉ុន មុននឹងធ្លាក់​ចូល​ទៅ​ក្នុង​ភាគ​ខាង​ត្បូង​​មហាសាគរ​ប៉ាស៊ី​ហ្វិក ដោយរត់បាន​ចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់​អតិប​រមាប្រមាណ​ ៥៥០​គីឡូ​ម៉ែត្រ។ ជាមួយគ្នានេះ​រដ្ឋាភិបាលជប៉ុន​បានឲ្យដឹងថា មីស៊ីល​កូរ៉េខាងជើង​បានហោះឆ្លងកាត់​ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុង​កោះហុកកៃដូ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុង​ដែន​ទឹក​ចម្ងាយ​ ១,១៨០គីឡូម៉ែត្រពីទីនោះ។

គួរបញ្ជាក់ថា នេះពុំមែនជា​លើកទីមួយនោះ​ឡើយ ដែលទីក្រុងព្យុងយ៉ាង​បានបាញ់​មីស៊ីលផ្លោង​រំលងប្រទេស​ជប៉ុនបែបនេះ ដោយករណី​លើកមុននោះ បានកើត​ឡើងកាលពី​ឆ្នាំ២០០៩ ​ហើយទង្វើនេះ​ក៏ប្រៀបដូចជា​ការប្រមាថមើលងាយ​ថែមទៀតផងដែរ ចំពោះមេដឹកនាំ​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន រួមទាំង​ប្រធា​នា​ធិប​តី​​អា​មេ​រិក លោក ដូណាល់ ត្រាំ ដែលនៅតែព្យាយាម​ចង់បើកកិច្ចចរចា​សាជាថ្មី ជាមួយទីក្រុងព្យុងយ៉ាង។ ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុង​តូក្យូផ្ទាល់ បាន​ថ្កោល​ទោស​​ខ្លាំងៗលើសកម្ម​ភាព​​​បង្ក​ហេតុ​របស់​​កូរ៉េ​ខាង​ជើង​ថា គឺជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​​ពុំ​ធ្លាប់​មាន ខណៈនាយក​រដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានពិភាក្សា​តាម​ទូរស័ព្ទ​ជា​បន្ទាន់​ជាមួយ លោក ដូណាល់ ត្រាំ ផងដែរអំពីការបាញ់​មីស៊ីលដ៏​គគ្លើនបំផុតនា​លើក​នេះ៕