(អាល្លឺម៉ង់)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់​អាល្លឺម៉ង់ លោក ស៊ីកម៉ា ហ្គាប៊្រីអ៊ែល (Sigmar Gabriel) បាននិយាយថា តួកគីនឹងមិនអាចក្លាយជាសមាជិក​សហភាព​អឺរ៉ុបបានទេ នៅក្រោមការគ្រប់គ្រង​របស់លោក​ប្រធានាធិបតី រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan)។ នេះបើយោងតាមប្រភពពីវែបសាយ Turkish Minute ដកស្រង់នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

លោក Gabriel បាននិយាយថា «វាច្បាស់ណាស់ថា តួកគីនឹងមិនអាច​ក្លាយជាសមាជិក​នៃសហភាពអឺរ៉ុបទេ។ វាមិនមែន​ដោយសារតែ​យើងមិនចង់ឱ្យ​ពួកគេចូល ប៉ុន្តែដោយ​សារតែ​រដ្ឋាភិបាលតួកគី និង លោក Erdogan កំពុងតែងាកចេញ​ឆ្ងាយពីអ្វីដែល​អឺរ៉ុបចង់បាន»។ លោក Gabriel បានសួរថា តើប្រទេសមួយ​ដែលហាមឃាត់​សេរីភាពក្នុងការ​បញ្ចេញមតិ ចាប់មនុស្ស​ស្លូតត្រង់ និងការកៀបសង្កត់លើក្រុមអ្នក​ប្រឆាំង អាចក្លាយជា​សមាជិករបស់​សហភាពអឺរ៉ុប​បានដូចម្តេច?

មន្ត្រីជាន់ខ្ពស់ខាងលើនេះបានបន្ថែម​ទៀតថា អាល្លឺម៉ង់មិនមានបញ្ហាជាមួយប្រជាជនតួកគីទេ​ ប៉ុន្តែជាមួយរដ្ឋាភិបាល​តួកគី និងគោលនយោបាយ​របស់ពួកគេ។ លោកបាននិយាយ​ទៀតថា បើនណារម្នាក់ដែលមានការសង្ស័យថា មានទំនាក់ទំនង​ជាមួយ​និងចលនា ហ្គូនលេន (Gülen) នោះត្រូវបាន​រដ្ឋាភិបាលតួកគីថា​ជាភេរវជន។

តួកគីត្រូវបានរិះគន់​ដោយប្រទេស​អាល្លឺម៉ង់ និងសមាជិក​សហភាពអឺរ៉ុប​ជាច្រើនទៀត​ ដោយសារតែ​ការបង្ក្រាប​របស់ លោក Erdoğan លើក្រុមអ្នកប្រឆាំងដែលរួមទាំងអ្នកកាសែត និងអ្នកការពារ​សិទ្ធិមនុស្ស​ បន្ទាប់ពីមានការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​កាលពីឆ្នាំមុន។ លោក Erdoğan បានបង្កើន​អំណាចជាប្រធានាធិបតី​ បន្ទាប់ពីការធ្វើប្រជាមតិ​នៅខែមេសាដោយអះអាងថា វាចាំបាច់​ដើម្បីការពារសន្តិសុខរបស់ប្រទេសតួកគី ពីសត្រូវក្នុងស្រុក និងបរទេស៕