​(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ពអាកាស​អាមេរិក បានផ្ដល់កិច្ចសន្យាមានតម្លៃ​រាប់រយ​លានដុល្លារ ដល់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Northrop Grumman ដើម្បីផលិតមីស៊ីល​ជំនាន់ថ្មី ជំនួសមីស៊ីល​ឆ្លងទ្វីបសម័យ​សង្រ្គាមត្រជាក់  (ICBM) Minuteman III ។ នេះបើតាម​មន្ទីរបញ្ចកោណ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

យោងតាម​មន្ទីរបញ្ចកោណ ផ្អែកលើកិច្ចព្រមព្រៀង​ខាងលើ ក្រុមហ៊ុន Boeing នឹងទទួលប្រាក់ ៣៤៩លានដុល្លារ រីឯក្រុមហ៊ុន Northrop Grumman នឹងទទួលបានប្រាក់ ៣២៩លានដុល្លារ សម្រាប់រយៈ​ពេល ០៣ឆ្នាំ ក្នុងការអភិវឌ្ឍ និងរចនា​មីស៊ីល ICBM ជំនាន់ថ្មី។ មន្ទីរបញ្ចកោណ​បានគូសបញ្ជាក់ ក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួនយ៉ាងដូច្នេះថា «នៅឆ្នាំ២០២០ កងកម្លាំងទ័ព​អាកាស​អាមេរិក​រំពឹងថា នឹងធ្វើការសម្រេចិត្តជាមួយ​ក្រុមហ៊ុន (Boeing និង Northrop Grumman) ដើម្បីផលិតមីស៊ីល ៤០០គ្រាប់សម្រាប់កងនាវា ក្រោមក្របខណ្ឌនៃកម្មវិធី Ground Based Strategic Deterrent program»

គួរបញ្ជាក់ថា Minuteman III គឺជាប្រភេទមីស៊ីល​ឆ្លងទ្វីប ត្រូវគេយកមកប្រើប្រាស់​តាំងតែពី​ឆ្នាំ១៩៧០ ហើយកិច្ចព្រមព្រៀង​អភិវឌ្ឍន៍មីស៊ីលនេះ ធ្វើឡើងនៅចំពេល​កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ​កូរ៉េខាងជើង កាន់តែរីកចំរើន​ទៅមុខ ដោយក្រុមអ្នក​ជំនាញខ្លះព្យាករណ៍ថា​ទីក្រុងព្យុងយ៉ាង អាចនឹងផលិតបាន​មីស៊ីលឆ្លងទ្វីប ​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​បាញ់ដល់ដីគោករបស់ សហរដ្ឋអាមេរិក លឿនជាងការ​រំពឹងទុក​យ៉ាងយូរនៅ​ឆ្នាំ២០២២៕