(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកបីរូប​មកហើយ ក្នុងនោះរួមទាំងប្រធានាធិបតី​ចុងក្រោយ លោក ដូណាល់ ត្រាំ បានព្យាយាម​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បីបញ្ចប់ភាព «ទាល់ច្រក» នៃសង្គ្រាម​នៅ អាហ្វហ្គានីស្ថាន ដែលមិនឈ្នះ​មិនចាញ់ និងអូសបន្លាយ​អស់រយៈ ១៦ឆ្នាំ កន្លងទៅនេះ។ កិច្ចខិតខំប្រឹងប្រែង​​របស់​សហរដ្ឋអាមេរិក ក្នុងសង្គ្រាមនៅ​អាហ្វហ្គានីស្ថាន មិនបានផ្តល់ផល​អ្វីគួរកត់សម្គាល់​ ក្រៅពីផ្តល់ឱ្យ​ក្រុមតាលីបង់​គ្រប់គ្រងលើដែនដី​មួយភាគធំ​ក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយធំជាង​ដែនដី​ដែលគេវាយ​ដណ្តើមបាន មុនពេលដែល​សហរដ្ឋអាមេរិក​ធ្វើអន្តរាគមន៍​នៅទីនេះ ក្នុងឆ្នាំ២០០១​ទៅទៀត។

វាជាភស្ថុតាងបង្ហាញថា ទោះបីអាមេរិកបន្ថែមទ័ព ៥,០០០នាក់ ឬ ១០,០០០នាក់ក្តី ក៏មហាអំណាចមួយ​នេះមិនអាច​យកឈ្នះ​ ទៅលើក្រុមតាលីបង់​បានឡើយ។ ផ្ទុយទៅវិញ វាហាក់ដូចជាការ បន្ថែមអុស​ដើម្បីដុតបញ្ឆេះ​សង្គ្រាមឱ្យបន្ត រហូតមិនអាចស្វែងរក​ផ្លូវបញ្ចប់​បានទៅវិញ។ ហេតុអ្វីបានជា​​មហាអំណាច​​អាមេរិក មិនអាចបញ្ចប់សង្គ្រាម​នៅអាហ្វហ្គានីស្ថាន រហូតធ្វើឱ្យវា​ក្លាយជាសង្គ្រាម​ ដែលអូសបន្លាយយូរ​បំផុតក្នុងប្រវត្តិសាស្ត្រ​អាមេរិកបែបនេះ? តើយុទ្ធសាស្ត្រថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់​អាហ្វហ្គានីស្ថាន អាចផ្លាស់ប្តូរស្ថានភាព​នៃសង្គ្រាម​ដ៏យូរអង្វែងនេះ​ដែរ ឬទេ? តើឧត្តមសេនីយ៍​អាមេរិកប្រចាំ​អាហ្វហ្គានីស្ថាន ពិតជាអាចស្វែងរក​ឱកាស​ដើម្បីយកជ័យជម្នះ​បានទេ បន្ទាប់ពីវិបត្តិនេះ​មិនធ្លាប់រកឃើញ​ច្រកចេញ​ អស់រយៈពេល ១៦ឆ្នាំ មកហើយនោះ?

សហរដ្ឋអាមេរិក​មិនអាចយកឈ្នះ​ទៅគូសត្រូវ ព្រមទាំងមិនអាច​ស្តារប្រទេសអាហ្វហ្គានីស្ថាន​វិញបានឡើយ បើទោះបីជាចំណាយ​ពេលអស់ជាង ១៦ឆ្នាំក្តី។ មូលហេតុ​ដោយសារ អំពើពុករលួយ​ក្នុងប្រទេសនេះ​បានស៊ីរូង ​ព្រមទាំងបំផ្លាញរចនាសម្ព័ន្ធ​កងកម្លាំង​អាហ្វហ្គានីស្ថាន ដែលសហរដ្ឋអាមេរិកព្យាយាមស្តានាពេលកន្លងមក។ ម្យ៉ាងទៀត ឧត្តមសេនីយ៍អាមេរិក កន្លងមកមិនបានដឹងទេថា ការជួយទំនុកបម្រុង​ពីសំណាក់ប្រទេស ប៉ាគីស្ថាន ជាការអនុញ្ញាត​ឱ្យក្រុមតាលីបង់​អាចបន្តជីវិតរស់នៅកាន់តែរឹងមាំ។

បើនិយាយពីទីតាំង​ភូមិសាស្ត្រ អាហ្វហ្គានីស្ថាន គឺជាប្រទេសដែលគ្មានព្រំប្រទល់​ជាប់សមុទ្រ សណ្ឋានដី​គ្រប​ដណ្តប់ដោយភ្នំ និងវាលខ្សាច់​ដែលមិនអំណោយ​ផលទាល់តែសោះ។ អាហ្វហ្គានីស្ថាន នៅតែបន្តជាប់​ឈ្មោះជាប្រទេសក្រីក្រ​បំផុតមួយ នៅលើពិភពលោកបើទោះបីជា​សហរដ្ឋអាមេរិក​ចាក់បង្ហូរប្រាក់​ជំនួយរហូតដល់ ១១៧ពាន់លានដុល្លារ​អាមេរិកសម្រាប់​អភិវឌ្ឍន៍​ប្រទេសនេះ ចាប់តាំងពី​ឆ្នាំ២០០២ក្តី។

បើនិយាយពីវិស័យឧស្សាហកម្មនាំមុខ ​របស់ប្រទេសអាស៊ីខាងត្បូង​មួយនេះ គឺការផលិតកម្មអាភៀន​ខុសច្បាប់ ដែលផលិតបាន​រហូតដល់​ប្រមាណពី ៧០ ទៅ ៨០ភាគរយ នៃការផ្គត់ផ្គង់សរុបសម្រាប់ពិភពលោក​ទាំងមូល។ ថ្វីបើប្រទេសនេះ ទទួលបានប្រាក់ជំនួយ​ពីមហាអំណាច និងប្រាក់ចំណេញ​ជាច្រើនសន្ធឹកសន្ធាប់​ពីការផលិត​អាភៀនក្តី ក៏អាហ្វហ្គានីស្ថាន​នៅតែស្ថិតនៅលំដាប់​បាតក្រោមនៃសន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស របស់អង្គការ​សហប្រជាជាតិ​ដដែល។ ហេតុផលសំខាន់ គឺលុយទាំងនោះបានហូរចូលក្នុងហោប៉ៅរបស់មនុស្សពុករលួយ។

និយាយពីវិស័យ​យោធាវិញ ថ្វីបើមានជំនួយ​ជាអាវុធ និងការបណ្ដុះបណ្ដាល​ពីសហរដ្ឋអាមេរិក​ក្តី តែកងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន នៅតែមិនអាច​មានសមត្ថភាព​គ្រប់គ្រាន់ ដើម្បីទប់ទល់នឹងពួកតាលីបង់​បានឡើយ។ ថាមពល និងកម្លាំងចិត្ត​ក្នុងនាមជាយោធា​បានបាត់បង់​បន្តិចម្តងៗ ក្នុងចំណោម​យោធា​អាហ្វហ្គានីស្ថាន ដែលជម្រុញឱ្យ​អត្រានៃយោធា​រត់ចោលជួរ កើនឡើង​ជារៀង​រាល់ឆ្នាំ។

ខាងលើនេះជាមូលហេតុ​ដែលចូលរួមចំណែក​ក្នុងការរារាំង មិនអោយសង្គ្រាម​នៅប្រទេសនេះ​អាចបញ្ចប់បាន។
ប៉ុន្តែកតា្ត​ចម្បង និងសំខាន់បំផុត​ដែលរារាំងមិន​ឱ្យវិបត្តិនេះ ត្រូវបានដោះស្រាយ គឺមកពី​សហរដ្ឋអាមេរិក​ផ្ទាល់តែម្តង ដែលមិនចង់​ឱ្យសង្គ្រាមនេះ​ទទួលបានជោគជ័យ​តែម្តង។ យុទ្ធសាស្ត្រ​របស់​សហរដ្ឋអាមេរិក គឺមិនមែន​ដើម្បីទទួល​បានជ័យជម្នះ​ក្នុងសង្គ្រាមនោះទេ ហើយក៏មិន​បណ្តោយឱ្យខ្លួនចាញ់​សង្គ្រាមនោះដែរ។ ការពិតទៅ​សហរដ្ឋអាមេរិក​កន្លងមក មិនបានប្រើប្រាស់​យុទ្ធសាស្រ្ត ដើម្បីទទួលជ័យជម្នះ​នោះទេ គឺមានតែផែនការ​ដើម្បីចៀសវាង​ភាពបរាជ័យ​ប៉ុណ្ណោះ។

ហេតុផល​ដោយសារការ​អូសបន្លាយនៃ​សង្គ្រាមនេះ ជាការផ្តល់ឱកាស​ដល់អាមេរិកក្នុង​ការដាក់ពង្រាយទ័ព និងពង្រីកឥទ្ធិពល​នៅតំបន់អាស៊ីខាងត្បូង​ទប់ស្កាត់ ការពង្រីកឥទ្ធិពល​របស់ចិន និងរុស្ស៊ីក្នុង​តំបន់នោះ។ ម្យ៉ាងទៀត​ដើម្បីផ្តល់ឱ្យ​សហរដ្ឋអាមេរិក អាចឃ្លាំ​មើលការវិវត្តន៍​អាវុធនុយក្លេអ៊ែរ​របស់ប្រទេស ប៉ាគីស្ថានដែល​នៅជាប់នឹងប្រទេស​អាហ្វហ្គានីស្ថាន​តែម្តង។

សូមជម្រាបថា សហរដ្ឋអាមេរិក​បានចាប់ផ្តើមប្រតិបត្តិការ​បោសសម្អាត​ ពួកភេរវករ​នៅអាហ្វហ្គានីស្ថាន តាំងពីព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មកម្ល៉េះ ដើម្បីកម្ចាត់លោក អូសាម៉ា ប៊ិនឡាដិន និងដាក់ទណ្ឌកម្ម​ពួកតាលីបង់​ ដែលដឹកនាំក្រុម​អាល់កៃដា។ ថ្វីត្បិតលោក ប៊ិនឡាដិន ត្រូវបានគេសម្លាប់ ប៉ុន្តែចំនួនជនស៊ីវិល និងយោធា​ត្រូវស្លាប់ រងរបួស ឬផ្លាស់ទីលំនៅ​នៅបានបន្ត​កើនឡើងមិន​ឈប់ឈរ។

ជាក់ស្តែងអង្គការសហប្រជាជាតិ​បានចេញផ្សាយ​នូវរបាយការណ៍ថា មានជនស៊ីវិល​ប្រមាណជាង ១១,០០០នាក់ ដែលរងគ្រោះ​ដោយសារ​សង្គ្រាម ហើយ ៦៦០,០០០នាក់ផ្សេងទៀត ត្រូវផ្លាស់ប្តូរ​ទីលំនៅ ដែលនេះ​ជាការបង្កើត​នូវវិបត្តិជនភៀសខ្លួន​យ៉ាងធំសម្បើម សម្រាប់​អាហ្វហ្គានីស្ថាន។ គិតមកត្រឹម​ពេលនេះ សង្គ្រាមធ្វើឱ្យ​សហរដ្ឋអាមេរិក​ចំណាយប្រាក់រហូតដល់ ១ទ្រីលានដុល្លារ ដែលធ្វើឱ្យ​វាក្លាយជាការចំណាយ​ប្រាក់​ទៅលើសង្គ្រាម​ច្រើនបំផុត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ ក្នុងឆ្នាំសារពើពន្ធ២០១៧នេះ សង្គ្រាមនឹងបង្កការខាតបង់ប្រាក់ចំនួន ៥០ពាន់លានដុល្លារ ដែលស្មើនឹង​ប្រមាណ ១ពាន់លានដុល្លារ​ក្នុងមួយសប្តាហ៍។ បន្ថែមពីនេះយោធា​ប្រមាណ ២,៣៥០នាក់ស្លាប់ និង ២០,០០០នាក់​រងរបួស។

សហរដ្ឋអាមេរិកធ្វើ​សង្គ្រាមនៅអាហ្វហ្គានីស្ថាន​ដើម្បីសងសឹក និងទាមទារ​សំណងផ្លូវចិត្ត ដែលខាតបង់​ក្នុងព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប៉ុន្តែបែរជា​ត្រូវចំណាយប្រាក់​សន្ធឹកសន្ធាប់ លើសពីការខាតបង់​ក្នុងព្រឹត្តិការណ៍នោះ​ទៅទៀត ចំណុចនេះ​អាចបង្ហាញថា គោលដៅ​នៃសង្គ្រាម​របស់អាមេរិក​នៅអាហ្វហ្គានីស្ថាន វាលើសពីអ្វីដែល​ពិភពលោក​បានដឹង៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា