(ម៉ូស្គូ)៖ នាយកសេវាកម្មសហព័ន្ធ​ សម្រាប់កិច្ច​សហប្រតិបត្តិការ​បច្ចេកទេសយោធា​រុស្ស៊ី (FSMTC) បានឱ្យដឹងថា ការបញ្ជាទិញប្រព័ន្ធ​មីស៊ីលការពារដែនអាកាស S-400 Triumf ចំនួន ១០ បានចាប់ផ្ដើមដំណើរការហើយ នៅក្នុងក្របខណ្ឌនៃការលក់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ​ ទី២៨ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​រុស្ស៊ី Kommersant នាយក FSMTC លោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) បានគូសបញ្ជាក់ថា «ការបញ្ជាទិញ​ប្រព័ន្ធមីស៊ីល S-400 Triumf កំពុង​ចាប់ផ្ដើមដំណើរការ... បច្ចុប្បន្នយើង​ក៏មានបំណងបង្កើន​ការនាំចេញបរិកា្ខនាវា និងអភិវឌ្ឍន៍ផ្នែកសេវាកម្ម​ជួសជុល​ដល់​អតិថិជន​របស់យើង​ផងដែរ ស្របពេលយន្ដហោះ​ចម្បាំងតំណាង​ឱ្យ ៥០ភាគរយ នៃការនាំចេញ ហើយយើងសង្ឃឹមថា ការនាំចេញបរិកា្ខ​យោធា​នៅលើដីអាច​នឹងកើតដល់​ច្រើនជាង ៣០ភាគរយ​»

គួរបញ្ជាក់ថា បើតាម​លោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) លោករំពឹងថា នឹងមាន​លទ្ធផលវិជ្ជមាន​នៃកិច្ចចរចា​រវាងរុស្ស៊ី និងតួកគី ទាក់ទិននឹង​ការបញ្ជាទិញ​ប្រព័ន្ធ​មីស៊ីល S-400 នៅក្នុងពេល​ឆាប់ៗ​នេះ៕