(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកចង់ស្វែងរក​កិច្ចចរចា​សន្តិភាពជាមួយ​កូរ៉េខាងជើង បើទោះបីជារដ្ឋ​កុម្មុយនីស្ដ​ឯកោមួយនេះ​ នៅតែបាញ់​សាកល្បង​មីស៊ីលផ្លោង​ឥតឈប់ឈរ​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

ការលើកឡើង​ខាងលើរបស់​លោក ធីល្លឺសុន ធ្វើឡើងនៅក្នុង​បទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ Fox News កាលពី​ថ្ងៃអាទិត្យ តែមួយថ្ងៃ​ប៉ុណ្ណោះបន្ទាប់ពី​ទីក្រុងព្យុងយ៉ាង បានបាញ់​សាកល្បង​មីស៊ីល​បីគ្រាប់ ធ្លាក់ចូលក្នុង​តំបន់ដែនទឹក​រវាងឧបទ្វីប​កូរ៉េ និងជប៉ុន។ បើតាមទីក្រុង​សេអ៊ូល គ្រាប់មីស៊ីល​ទាំងនេះទំនង​ជា​បាញ់ចេញពីឧបករណ៍បាញ់​គ្រាប់រ៉ុក្កែតច្រើន​​ក្នុងពេល​តែមួយ ខណៈ​សហរដ្ឋអាមេរិក​បញ្ជាក់ថា វាជាប្រភេទមីស៊ីលផ្លោង​រយៈចំងាយ​ខ្លី ហើយមានពីរគ្រាប់​ធ្វើតេស្ដ​បានជោគជ័យ និងមួយ​គ្រាប់ទៀត​ផ្ទុះនៅលើ​អាកាស។

ថ្លែងនៅក្នុង​កិច្ចសម្ភាសន៍​នោះដែរ លោក ធីល្លឺសុន បានលើកឡើង​យ៉ាងដូច្នេះថា «ការបាញ់​សាកល្បង​រាល់មីស៊ីលផ្លោង​របស់​កូរ៉េខាងជើង គឺជាទង្វើរំលោភ​បំពានលើ​ដំណោះស្រាយ​ក្រុមប្រឹក្សា សន្តិសុខ UN និង​ជាសកម្ម ភាពបង្ករឿង​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត​របស់យើង»។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ​បន្ថែមថា «យើងនឹង​បន្តដាក់សម្ពាធ​ដោយ​សន្តិវិធី ក៏ដូចជាធ្វើ​ការងាររួមគ្នា​ជាមួយ​សម្ព័ន្ធមិត្ត និងទីក្រុងប៉េកាំង ដើម្បី​មើលថា​តើយើងអាចនាំរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង មកកាន់​តុចរចាបាន​ដែរ ឬទេ»។​

តែយ៉ាងណា​ក៏ដោយ លោក រិច ធីល្លឺសុន ក៏បាន​ទទួលស្គាល់​ដែរថា ការបាញ់​សាកល្បង​មីស៊ីលផ្លោង​កាលពី​ថ្ងៃសៅរ៍​បានបង្ហាញថា កូរ៉េខាងជើងមិនអាច​បកក្រោយ ឬក៏បោះបង់​ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​របស់ខ្លួន​ឡើយ។ បន្ថែមពីនេះ​កូរ៉េខាងជើងអាចអង្គុយចរចាជាមួយអាមេរិកបាន លុះត្រាណាតែ​ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល សន្យាឈប់ធ្វើសមយុទ្ធយោធាក្នុងតំបន់ ដែលជាការបង្កការគំរាមកំហែងលើកូរ៉េខាងជើង​តទៅទៀត ប៉ុន្តែទោះបីជាមានកិច្ចចរចា ឬពិភាក្សាគ្នារវាងគូសត្រូវទាំងពីរក្តី ក៏កូរ៉េខាងជើងនៅតែប្រកាន់ជំហរ​ដដែល នោះគឺគ្មានថ្ងៃបោះបង់ចោលនុយក្លេអ៊ែរ៕