(ហូជីមិញ)៖ តុលាការ​ប្រទេស​វៀតណាមបានសម្រេច​ផ្តន្ទាទោស​ប្រហារជីវិត មេជួញដូរគ្រឿង​ញៀនវ័យ ៣៤ឆ្នាំម្នាក់ ខណៈបក្ខពួកបីនាក់ផ្សេងទៀត ត្រូវ​បានកាត់ទោស​ឲ្យជាប់ពន្ធនាគារ​អស់មួយជីវិត។ នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​វៀតណាម ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​​​ថ្ងៃ​​ពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

តុលាការខេត្ត ប៊ីញ ឌុង (Binh Duong) ភាគខាងត្បូង​ប្រទេស​វៀតណាម នាសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោស​ប្រហារជីវិត លោក ឌូ ហ្សួនឡយ (Do Xuan Loi) ដែលមានស្រុកកំណើត​​នៅខេត្ត ធួ ធានហួ (Thua Thien Hue) ភាគកណ្តាលប្រទេស ខណៈបុរសបីនាក់​ផ្សេងទៀត​មកពីខេត្ត ប៊ីញ ថាញ់ (Binh Thuan) ភាគកណ្តាល, ខេត្ត អាន គាំង (An Giang) ភាគខាងត្បូង, និងទីក្រុងហូជីមិញ ដោយក្នុងនោះ​រួមមានទាំងបងប្រុស​ប្រពន្ធរបស់ លោក Loi ផងដែរ។
នៅមុនការចាប់ខ្លួន​របស់អ្នកទាំងបួន​កាលពី​ឆ្នាំ២០១៥ លោក Loi និងបក្ខពួក​បានជួញដូរ ​និងដឹកជញ្ជូន​ថ្នាំញៀនទម្ងន់ ០៧គីឡូក្រាម ពីទីក្រុង ហៃ ហ្វុង (Hai Phong) ភាគខាងជើង ទៅកាន់តំបន់​ភាគខាងត្បូង​ប្រទេសវៀតណាម ដើម្បីលក់ចែក​ចាយបន្ត ហើយ​ថែមទាំងបានផ្ទុកអាវុធ​ដោយខុសច្បាប់​ចំនួនបីដើម​ទៀតផង។

គួរបញ្ជាក់ថា យោងតាមច្បាប់​របស់ប្រទេសវៀតណាម ជនទាំងឡាយណា ដែលមានទោស​ពីបទរត់ពន្ធគ្រឿង​ញៀនប្រភេទ ហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬ​ក៏​​ប្រភេទមេតាំហ្វេតាមីន​ច្រើនជាង ២.៥គីឡូក្រាម នឹងត្រូវប្រហារ​ជីវិតចោល។ ម៉្យាងវិញទៀត ការផលិត និងជួញដូរ​ហេរ៉ូអ៊ីន​ចាប់ពី ១០០ក្រាម ឡើងទៅ ឬមួយ​គ្រឿងញៀន​មិនស្របច្បាប់​ដទៃផ្សេងទៀត​ចាប់ពី ៣០០ក្រាមទៅ នឹងត្រូវប្រឈមមុខ​ទោសប្រហារ​ជីវិតដូចគ្នា៕