(ការ៉ាកាស់)៖ អាជ្ញាធរ​វេណេស៊ុយអេឡា​បានរាយការណ៍​ថា ការផ្ទុះដ៏ខ្លាំងមួយ​បានកើតឡើង​នៅឯផ្លូវរថភ្លើង​ក្រោមដី Plaza Venezuela ស្ថិតនៅក្នុងរដ្ឋធានី​ការ៉ាកាស់ នៅ​ថ្ងៃអង្គារ (ពេលវេលាក្នុងទីក្រុងការ៉ាកាស់) ដោយបានបង្ខំ​ឱ្យអាជ្ញាធរ ​សម្រេចចិត្ត​ផ្អាកចរាចរណ៍​រថភ្លើងជា​បណ្ដោះអាសន្ន។ នេះបើតាមការ​​ចេញដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់ បន្ទាប់ហេតុការណ៍​នេះកើតឡើង អ្នកដំណើរជា​ច្រើននាក់ ត្រូវបានគេជម្លៀស​ចេញពីស្ថានីយ៍​រថភ្លើងក្រោមដី។​ ចំណែកឯ​ក្រុមមន្ត្រី បានបញ្ជាក់ថា ការផ្ទុះនេះ​ទំនងជាបង្កឡើងបញ្ហា​បច្ចេកទេសនៃ​ទូររថភ្លើងមួយ ខណៈមិនមាន​សេចក្ដីរាយការណ៍​ពីជនរងគ្រោះ​នោះទេ។​ ស្ថានីយ៍រថភ្លើង​ក្រោមដី Plaza Venezuela គឺមាន ទីតាំងស្ថិត​នៅកណ្ដាលរដ្ឋធានី​ការ៉ាកាស់។

សម្រាប់ហេតុការណ៍ផ្ទុះនេះផងដែរ បានកើតមានឡើងអំឡុងពេល​ដែលប្រទេសវេណេស៊ុយអេឡា កំពុងតែ​ប្រឈមមុខនឹងវិបត្តិ​នយោបាយធ្ងន់ធ្ងរ ខណៈបាតុកម្មបន្ថែម​អាចនឹងផ្ទុះឡើងដោយ​បក្សប្រឆាំង ដែលនៅតែ​មិនសុខចិត្ត​​ចំពោះការបង្កើត​សភាធម្មនុញ្ញថ្មី ដោយប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន ហើយសហរដ្ឋអាមេរិក និងបណ្តារដ្ឋអាមេរិកឡាទីន ក៏គ្រោងធ្វើការកៀបសង្កត់ផ្នែក​សេដ្ឋកិច្ច បន្ថែមមកលើ​សម្ព័ន្ធមិត្តរុស្ស៊ី​មួយនេះផងដែរ៕