(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ផែនការបាញ់មីស៊ីលព្រមានកោះហ្គាំអាមេរិក ធ្លាក់ដល់ដៃរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយ ដោយរង់ចាំតែបញ្ជាចុងក្រោយ​ប៉ុណ្ណោះ។

២៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ព្រមានខ្លាំងៗថា បើកូរ៉េខាងជើងចង់ឲ្យសង្គ្រាមផ្ទុះឡើងមែននោះ ឆាប់បាញ់មីស៊ីលភ្លាមមក។

៣៖ ប្រទេសប៉ាគីស្ថាន​ប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិទី៧០ឆ្នាំ បន្ទាប់ពីបានបែកចេញេប្រទេសឥណ្ឌាកាលពីឆ្នាំ១៩៤៧ ក្រោមអាណានិគមរបស់ចក្រភព​អង់​គ្លេស។

៤៖ មេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro បញ្ជាឲ្យដឹកនាំការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំទូទាំងផ្ទៃប្រទេស ចំពោះមុខការព្រមានធ្ងន់ៗ ពីអាមេរិក។

៥៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi សន្យាថា នឹងធ្វើការស្ថាបនា «ប្រទេសឥណ្ឌាដ៏ថ្មីសន្លាងមួយ» នៅ​ត្រឹមឆ្នាំ​២០២២ ដែលគ្មានការបែងចែកវណ្ណៈ, សកម្មភាពភេរវកម្ម, និងអំពើពុករលួយ​ ក្នុងឱកាសថ្ងៃបុណ្យឯករាជ្យជាតិ៧០ឆ្នាំរបស់ខ្លួន ដូចទៅនឹងប៉ាគីស្ថានដែរ។

៦៖ ទីបំផុត កូរ៉េខាងជើងទំនងជាអត់ហ៊ានបាញ់មីស៊ីលទេ ដោយថារង់ចាំមើលសកម្មភាពទីក្រុងវ៉ាស៊ីនតោនបន្តិចសិន ហើយពេលនេះអ្នករស់នៅលើ​កោះហ្គាំ​​របស់​អាមេរិក កំពុងសប្បាយរីករាយយ៉ាងខ្លាំង។

៧៖ អ៊ីរ៉ង់ព្រមានដើរចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើសិនជាអាមេរិក នៅតែស្រេកឃ្លានដាក់ទណ្ឌកម្មប្រទេសនេះទៀត។