(ម៉ានីល)៖ ប្រទេសចិនបានធានាអះអាងចំពោះប្រទេសហ្វីលីពីនថា ខ្លួននឹងមិនពង្រីកវិសាលភាព តាមរយៈការ​គ្រប់គ្រង់ដែនកោះ ឬក៏ថ្មប៉ប្រះទឹកថ្មីៗទៀតនោះឡើយ នៅក្នុងសមុទ្រចិនខាងត្បូង ក្រោយពីមានក្រមប្រតិបត្តិថ្មី​ត្រូវបានទីក្រុងម៉ានីលសម្រេចចេញ ដោយភាគីទាំងពីរហ្វីលីពីន-ចិន ប្តេជ្ញាពង្រឹង និងពង្រីក​ទំនាក់ទំនង​រវាងគ្នា​បន្ថែមទៀត។ នេះបើតាម​សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ​ហ្វីលីពីន លោក ឌែលហ្វីន ឡូរ៉េនហ្សាណា (Delfin Lorenzana) ដកស្រង់ដោយ​បណ្តាញព័ត៌មាន Reuters នាល្ងាច​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

លោក ឌែលហ្វីន បានថ្លែងនៅក្នុងកិច្ចអត្ថាធិប្បាយ​ចំពោះមុខអង្គសភា​ហ្វីលីពីនថា «ប្រទេសចិន និងហ្វីលីពីន បានឈានទៅដល់កិច្ច​អនុវត្តន៍ក្រមប្រតិបត្តិការ ឬក៏ការដើរផ្លូវស្របគ្នា​មួយ ទៅលើបញ្ហាសមុទ្រ​ចិនខាងត្បូង ដែលក្នុងនោះ​គឺការមិនអនុញ្ញាត ឲ្យមានការគ្រប់គ្រង​កោះបន្ថែមទៀត។ វាបានក្លាយជាជាក្រមប្រតិបត្តិហើយ​នាពេលនេះ ដែលកំពុងអនុវត្តន៍​ទៅលើបញ្ហាសមុទ្រចិនខាងត្បូង ក្រោយពីមានការសម្រេច​ដោយរដ្ឋមន្ត្រី​ការបរទេស»

គួរបញ្ជាក់ថា បើតាមការអះអាងរបស់​រដ្ឋមន្ត្រីការពារជាតិ​ហ្វីលីពីន​ខាងលើនេះ ប្រទេសចិននឹងមិនធ្វើការ​គ្រប់គ្រង ដែនដីបន្ថែម​ទៀតឡើយ នៅក្នុងសមុទ្រ​ចិនខាងត្បូង ឬមួយក៏សាងសង់សំណង់អ្វីមួយ នៅលើថ្មប៉ប្រះ​ទឹកនោះ។ ទោះបីជាបែប​នេះក្តី រដ្ឋមន្ត្រីការពារជាតិ​រូបនេះ ពុំបានធ្វើការបកស្រាយ​នោះទេ ចំពោះចម្ងល់របស់​សមាជិកសភា ដែលបាន​សួរនាំរឿង​នាវានេសាទចិនចំនួន ០៥គ្រឿង បានបង្ហាញវត្តមាន​នៅចម្ងាយតែ ០៥គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនកោះ នៃប្រជុំកោះស្ព្រាតលី​របស់ហ្វីលីពីន​ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន។

ជុំវិញបញ្ហាខាងលើនេះ សមាជិកសភាហ្វីលីពីន លោក ហ្គារី អាឡេចាណូ (Gary Alejano) បានប្រាប់សារព័ត៌​មាន Reuters ថា នាវានេសាទចិនមួយចំនួន បានធ្វើការរារាំង​មិនឲ្យនាវាល្បាត​ហ្វីលីពីន ធ្វើដំណើរនៅតំបន់​កោះរបស់​ខ្លួននោះ​ឡើយ ក្នុងរយៈពេលពីរ​ថ្ងៃមកនេះ។ សម្រាប់កោះ ធីទូ (Thitu) ដែលកំពុងកើតមាន​បញ្ហានេះ គឺត្រូវបាន​ហ្វីលីពីនចាត់ទុកជាកោះដ៏ធំមួយ​ក្នុងចំណោមប្រជុំថ្ម និងវាលខ្សាច់ប៉ប្រះទឹកទាំង ០៩ ដែលហ្វីលីពីនគ្រប់គ្រង នៅក្នុងតំបន់ប្រជុំកោះស្ព្រាតលី នៃតំបន់សមុទ្រចិនខាងត្បូងដ៏ក្តៅគគុក៕