(សេអ៊ូល)៖ ស្របពេលដែល​ទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន កំពុងធ្វើសង្រ្គាម​ពាក្យសម្តីយ៉ាង​ក្តៅគគុក​ដាក់គ្នា​ទៅវិញទៅមក ប្រជាជនកូរ៉េខាង​ជើង​​ដ៏​ក្លា​ហាន​​ប្រមាណ​​ ៣.៥លាននាក់ បានទៅដាក់ពាក្យ​ចូលបម្រើកងទ័ព ដើម្បីត្រៀមប្រយុទ្ធ​តទល់ក្នុងសមរភូមិ​ជាមួយសហរដ្ឋអាមេរិក ក្នុងករណីដែល​សង្រ្គាមផ្ទុះ​​ឡើង​រវាង​ប្រទេស​ទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍​ពីប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកកូរ៉េខាងជើង ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅ​រសៀល​ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

សារព័ត៌មាន Rodong Sinmun របស់បក្ស​ពលករ​ បានធ្វើសេចក្តីរាយការណ៍​ថា ប្រជាពលរដ្ឋ​កូរ៉េខាងជើង រួមមានទាំង​សិស្ស-និស្សិត, ពលករ, និង​នាយទាហាន​ចូលនិវត្តន៍ បាននាំគ្នាដាក់​ពាក្យចូលបម្រើយោធា បន្ទាប់ពី​រដ្ឋាភិបាលរបស់​ពួកគេ បានធ្វើការប្តេជ្ញា​យ៉ាងមុតមាំ ដើម្បីធ្វើ​សកម្មភាព​​សងសឹក​​ប្រឆាំង​​នឹង​សហរដ្ឋអាមេរិក ដោយសារតែ​ការដាក់ទណ្ឌកម្ម​ថ្មីបន្ថែម ពីសំណាក់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ មកលើ​ទីក្រុង​ព្យុងយ៉ាង ដោយសារ​តែ​ការធ្វើតេស្តមីស៊ីល​ផ្លោង ICBM ចំនួនពីរលើកកាលពី​ខែកក្កដាកន្លងទៅ របស់រដ្ឋកុម្មុយ​និស្តមួយនេះ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ​យោធា​កូរ៉េខាងជើង​បានប្រកាសថា ខ្លួននឹង​បញ្ចប់ផែនការ​វាយប្រហារមីស៊ីល​ព្រមាន​កោះហ្គាំ (Guam) របស់អាមេរិក នៅ​ត្រឹម​ពាក់​​​កណ្តាល​ខែសីហានេះ ហើយបញ្ជូន​ទៅកាន់ប្រមុខ​ដឹកនាំ​កំពូល លោក គីម ជុងអ៊ុន ដើម្បីរង់ចាំ​ការសម្រេចចិត្ត​ចុងក្រោយ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​ព្រមានថា ព្យុងយ៉ាង​នឹងភ្លក្ស​រសជាតិភ្លើងកំហឹង​ដ៏រោលរាល ដែលពិភពលោក​ពុំធ្លាប់បានឃើញ​ពីមុនមកនោះ​ឡើយ៕