(ការ៉ាកាស់)៖ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ​វេណេស៊ុយអេឡា លោក វ៉្លាឌីមៀ ផាឌ្រីណូ (Vladimir Padrino) បានចេញមុខហៅ​ពាក្យសម្តីគំរាមកំហែង ប្រើ​ប្រាស់​​កម្លាំង​យោ​ធាមកប្រទេសវេណេស៊ុយអេឡា របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា​ជាសកម្មភាព​មិនគ្រប់ទឹក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃ​សៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក​ពុំអាចធានា​បានទាំងស្រុងថា នឹងមិនជ្រើសរើសប្រើសកម្មភាព​យោធា ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នោះឡើយ ដោយសារតែ​ការកើនឡើងនៃ​ចំនួនមនុស្សស្លាប់​ ដ៏ច្រើនសន្ធឹក​សន្ធាប់​​នៅក្នុងអំឡុង​ការធ្វើបាតុកម្ម​ដ៏កក្រើក នៅក្នុងប្រទេស​អាមេរិកឡាទីន​មួយនេះ។
ជុំវិញរឿងនេះ​លោករដ្ឋមន្រ្តីការពារជាតិ​វេណេស៊ុយអេឡា បានប្រាប់ស្ថានីយ៍​​ទូរទស្សន៍ក្នុងស្រុកថា «វាគឺជាសកម្មភាព​ឡប់សតិ... ជារោគសញ្ញា​នៃអំពើ​ជ្រុលនិយម។ សហរដ្ឋអាមេរិក​កំពុងស្ថិតក្រោម​ការគ្រប់គ្រង​របស់មេជ្រុលនិយម»។

ជាមួយគ្នានេះ រដ្ឋមន្រ្តីទំនាក់ទំនង​វេណេស៊ុយអេឡា លោក Ernesto Villegas បានសរសេរ​ក្នុងប្រព័ន្ធ Twitter ថា ការគំរាមកំហែងរបស់ លោក ដូណាល់ ត្រាំ នឹង​ជម្រុញ​លើកទឹកចិត្ត ឲ្យជនរួមជាតិ​វេណេស៊ុយអេឡា​រួមសាមគ្គីគ្នា​ទៅវិញទេ ដើម្បីការពារ​ប្រទេសជាតិ ហើយការពារ​សកម្មភាព​ឈ្លានពាន ពីសហរដ្ឋអាមេរិក​។ លើសពី​នេះទៀត ក្រសួងការ​បរទេស​វេណេស៊ុយអេឡា ក៏នឹងចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតបផ្លូវការ ចំពោះសេចក្តី​ប្រកាស​របស់ លោក ត្រាំ ផងដែរ៕