(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអរគុណដល់​សមភាគីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបណ្ដេញ​មន្ត្រីទូត​អាមេរិក ៧៥៥នាក់ ​ចេញពី​ប្រទេស​ដោយលោកយល់ថា ការចាត់វិធានការ​សងសឹក​បែបនេះ​របស់ទីក្រុងម៉ូស្គូ នឹងជួយឱ្យ​សហរដ្ឋអាមេរិក​សន្សំសំចៃ​ការចំណាយប្រាក់ខែ លើមន្ត្រីទូត​អាមេរិក​ទំាងនេះ។ នេះបើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងខាង​លើរបស់​លោក ត្រាំ ធ្វើឡើងនៅក្នុងបរិបទ​ដែលទំនាក់ទំនង​ការទូតរវាង​សហរដ្ឋអាមេរិក និងរុស្ស៊ី​ ធា្លក់ចុះដុនដាប​បំផុត គិតចាប់តាំង​ពីសម័យសង្រ្គាម​ត្រជាក់មក ក្រោយលោក ប្រធានាធិបតីរុស្ស៊ី​ ពូទីន បានសម្រេចចិត្ត​បណ្ដេញមន្ត្រី​ទូតអាមេរិក ៧៥៥នាក់ ចេញពី​ប្រទេស ជាការសងសឹក​ទៅនឹង​ទីក្រុង​វ៉ាស៊ីនតោន ដែលបាន​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចជាថ្មី ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ ជុំវិញសំណុំរឿង​ចោទប្រកាន់ថា បានលូកដៃចូល​ក្នុងកិច្ចការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦។

ទោះបីយ៉ាងណាក៏ដោយ ថ្លែងពីទីលានវាយ​កូនហ្គោល Bedminster នៃរដ្ឋ New Jersey​ លោក ត្រាំ បែរជាអរគុណ​ លោក ពូទីន ចំពោះការចាត់វិធានការ​បែបនេះ​ទៅវិញ។ ប្រធានាធិបតី​អាមេរិករូបនេះ បានលើក​ឡើងដូច្នេះថា «​ខ្ញុំពិតជាអរគុណ គាត់ (លោក ពូទីន) ​ណាស់​សម្រាប់ការ​កាត់បន្ថយបុគ្គលិក​ទូតអាមេរិក​ក្នុងចំនួនដ៏ច្រើន ពីព្រោះវានឹង​ជួយឱ្យយើង​អាចសន្សំសំចៃការចំណាយ​ប្រាក់ខែ លើមន្ត្រីទូតអាមេរិក​ទំាងនេះ... ហើយម្យ៉ាងវិញទៀត វាក៏គ្មានហេតុផល​ច្បាស់លាស់​សម្រាប់ពួកគេត្រឡប់​ទៅវិញដែរ»

គួរបញ្ជាក់ថា គេមិនទាន់ដឹងពី​ចេតនាពិតប្រាកដដែល លោក ដូណាល់ ត្រាំ និយាយបែបនេះ​នោះទេ រីឯក្រសួង​ការបរទេស​អាមេរិក ក៏មិនបានធ្វើអត្ថាធិប្បាយ​អ្វីដែរ។ លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្ត​បណ្ដេញមន្ត្រី​ទូត​អាមេរិក ៧៥៥នាក់ ក្នុងចំណោម​មន្ត្រីស្ថានទូត និងស្ថានកុងស៊ុល​អាមេរិក​ប្រចាំ​រុស្ស៊ី ១,២០០នាក់ ​ចេញពីប្រទេស​នៅត្រឹមខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី លោក ដូណាល់ ត្រាំ ចុះហត្ថលេខា​ដោយស្ទាក់ស្ទើរ លើសេចក្ដីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ៕