(ម៉ូស្គូ)៖ បន្ទាប់ពីព្រឹត្តិការណ៍​ប្រកួតកីឡាយោធា​អន្តរជាតិ (IAG) ឆ្នាំ២០១៧នេះ បានប្រព្រឹត្ត​ទៅអស់រយៈពេល ១០ថ្ងៃ​ ហើយ​នោះ ប្រទេសរុស្ស៊ី​កំពុង​តែ​នាំ​មុខ​គេ​​នៅ​ក្នុង​ចំណោម បណ្តាអ្នក​ចូលរួមដទៃៗ​ទៀត ខណៈកាហ្សាក់​ស្ថាន​ឈរនៅលេខ​រៀងទីពីរ និងចិនកំពុង​កាន់​តំណែង​​លេខ​បី។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ សារ​ព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

យោងតាម​តារាងចំណាត់ថ្នាក់​ជាបឋម​នៃអ្នកចូលរួម IAG-2017 ក្រោយ​ការប្រកួតយ៉ាង​ស្វិតស្វាញ​អស់រយៈពេល ១០ថ្ងៃ ប្រទេសរុស្ស៊ី​កំពុងតែឈរ​នៅលេខ​រៀង​ទី០១ ជាមួយមេដាយ​សរុប​ចំនួន ១៨ គ្រឿង (មាស១០គ្រឿង, ប្រាក់០៦គ្រឿង, សំរិត០២គ្រឿង) ខណៈកាហ្សាក់ស្ថាន​ឈរនៅលេខពីរ ជាមួយមេដាយ​មាស ០៣គ្រឿង​, ប្រាក់​ ០៥គ្រឿង, និងសំរិត ០២គ្រឿង ខណៈចិនឈរ​នៅលេខបី ជាមួយមេដាយមាស ០២គ្រឿង និងប្រាក់ ០៣គ្រឿង។ ក្រៅពីនេះ បេឡារុស ឈរនៅ​លេខ ០៤, អេហ្ស៊ីបលេខ ០៥, អ៊ូបេគីស្ថានលេខ ០៦, អ៊ីរ៉ង់លេខ ០៧, អាហ្ស៊ឺបៃហ្សង់ (Azerbaijan) លេខ ០៨។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រកួត​យោធា​អន្តរជាតិ IAG ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធ​ឡើងដោយមានរុស្ស៊ី, អាហ្ស៊ឺបៃហ្សង់, បេឡារុស, កាហ្សាក់ស្ថាន និងចិន ចាប់ពីថ្ងៃទី២៩ ខែកក្កដា​កន្លងទៅ ហើយនឹងបន្តប្រព្រឹត្ត​ទៅរហូតដល់ថ្ងៃសៅរ៍​ចុងសប្តាហ៍នេះ។ អ្នកតំណាង​មកពី ២៨ប្រទេស កំពុងតែចូលរួម​ប្រកួតក្នុងព្រឹត្តិ​ការណ៍នេះ ដោយរួមមាន​ទាំងជើងថ្មី​ចំនួន ០៩ផងដែរ។ ព្រឹត្តិការណ៍​ដ៏ធំសម្បើមនេះ​មានវិញ្ញាសាសរុប​ចំនួន ២៨៕