(អាមេរិក)៖ ប្រសិនបើ​ប្រទេស​កូរ៉េខាងជើង ពិតជា​សម្រេចបាញ់​គ្រាប់​មីស៊ីលផ្លោង សំដៅមកកាន់​កោះហ្គាំ (Guam) ដែលជាតំបន់​រដ្ឋបាលមួយអាមេរិកនៅ​ប៉ាស៊ី​ហ្វិកមែននោះ មីស៊ីលទាំងនោះ​នឹងហោះដល់​ភ្លាមក្នុង​រយៈពេលត្រឹមតែ ១៤នាទី ប៉ុណ្ណោះ។ នេះបើតាម​ការអះអាង​ពីមន្ទីរ​សន្តិសុខ​របស់​កោះហ្គាំ ដកស្រង់​ដោយ​​សារព័ត៌មាន​អាមេរិក USA Today នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

ដោយបានដកស្រង់​សម្តីរបស់ លោកស្រី Janna Gaminde អ្នកនាំពាក្យ​មន្ទីរសន្តិសុខ​នៃកោះហ្គាំ សារព័ត៌មាន USA Today បានធ្វើ​សេចក្តីរាយការណ៍​ថា ប្រ​ជា​​ជន​ទាំងអស់​នៅលើ​កោះហ្គាំ នឹងត្រូវជូន​ដំណឹង​តាមរយៈប្រព័ន្ធ​បំពងសំឡេង​ប្រកាសអាសន្ន ប្រសិនបើ​កូរ៉េខាងជើង សម្រេចផ្លោង​មីស៊ីល​សំដៅ​មកមែននោះ។ លោកស្រី Gaminde បានថ្លែង​ថា ការិយាល័យ​របស់យើង នឹងទទួល​បានដំណឹងពី​យោធាអាមេរិក ហើយប្រើប្រាស់​គ្រប់មធ្យោបាយ​ទំនាក់ទំនង ដើម្បីជូនដំណឹង​បន្តដល់​សាធារណជន។

គួរបញ្ជាក់ថា នៅចំពោះមុខ​សង្រ្គាម​ពាក្យសម្តី​រវាង​ទីក្រុង​ព្យុងយ៉ាង និងទីក្រុង​​វ៉ាស៊ីនតោន​យោធា​​កូរ៉េខាងជើង នា​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​​បានឲ្យដឹងថា ខ្លួន​​កំពុង​គ្រោង​​​ធ្វើការ​បាញ់មីស៊ីលផ្លោង​​រយៈចម្ងាយ​មធ្យម ទៅក្បែរៗ​កោះហ្គាំ ដែលជា​ទីតាំង​យុទ្ធសាស្រ្ត​​ដ៏សំខាន់ នៃមូលដ្ឋាន​ទ័ព​ជើងទឹក​ និងជើងអាកាស​​របស់​សហ​រដ្ឋ​អាមេរិក នៅពាក់​កណ្តាល​​ខែសីហា​នេះ ដោយ​រង់ចាំតែ​ការបញ្ជាឲ្យបាញ់ពី លោក គីម ជុងអ៊ុន ប៉ុណ្ណោះដើម្បី​វាយប្រហារ​តែម្តង។
យ៉ាងណាមិញ​អភិបាល​​កោះ​ហ្គាំ លោក Eddie Baza Calvo បានចេញមុខ​អះអាងថា ពិតជាមាន​​ការព្រួយ​បារម្ភ ប៉ុន្តែមិន​តក់ស្លុត​ ចំពោះការ​គំរាម​​វាយប្រហារ​​ដោយ​គ្រាប់​មីស៊ីល ពី​កូរ៉េ​ខាង​ជើង​​នោះទេ​ដោយសម្អាង​លើហេតុផល​ថា នេះ​លើកទី ០៣ ឬជាលើក​ទី ០៤ ហើយដែល​​កូរ៉េខាងជើង​គំរាម​វាយប្រហារ​កោះហ្គាំ គិតចាប់តាំងពី​​ឆ្នាំ​២០១៣​ មកម្ល៉េះនោះ៕