(វ៉ាស៊ីនតោន)៖ ខណៈមានភាពតានតឹងជាមួយចិន​នៅសមុទ្រចិនខាងត្បូង ទីក្រុងហាណូយ​បានសម្រេចចិត្ត​បោះដៃទៅរកសហរដ្ឋអាមេរិក ​ដោយទុកអតីតកាលជូរចត់នៅមួយឡែកសិន តាមរយៈការបង្ហាញពី​ចេតនា​ចង់ស្ដារទំនាក់ទំនង​ល្អរវាងគ្នាឡើងវិញ ក្នុងដំណើរ​ទស្សនកិច្ច​​របស់រដ្ឋមន្ត្រីការពារជាតិ​វៀតណាម មកកាន់​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០​ ខែសីហា ឆ្នាំ២០១៧។

​កាលពីថ្ងៃអង្គារ​កន្លងទៅ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក James Mattis បានជួបពិភាក្សា​ការងាជាមួយសមភាគី​វៀតណាម លោក Ngo Xuan Lich នៅឯមន្ទីរបញ្ចកោណ ជាទីដែល លោកបានប្រកាសថា យន្ដហោះផ្ទុក​យន្ដហោះចម្បាំង​អាមេរិក​មួយគ្រឿង នឹងធ្វើដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម​នៅឆ្នាំ២០១៨ ខាងមុខនេះ។ «វៀតណាម និង​សហរដ្ឋអាមេរិក គោរពអតីតកាល​រវាងប្រទេស​ទំាងពីរ ប៉ុន្តែយើងនៅតែ​ត្រូវធ្វើដំណើរឆ្ពោះ​ទៅរកអនាគត​ជាមួយនឹងគ្នា ហើយ​ទីក្រុងវ៉ាស៊ីន តោនស្វាគមន៍​ការចូលរួមរបស់​វៀតណាម និងការធំធាត់​នៃភាព​ជាមេដឹកនាំ​នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក»។ នេះបើតាមការលើកឡើង​របស់ លោក James Mattis ដោយរំលឹក​ពីសង្រ្គាម​វៀតណាម។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងវៀតណាម​កំពុងកើនឡើងកម្ដៅ​សាជាថ្មី បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​កាលពីខែកក្កដាថា ទីក្រុង​ហាណូយ​បានផ្អាក​ប្រតិបត្តិការ​ខួងយកឧស្ម័ន នៅក្នុងតំបន់​ជម្លោះ​សមុទ្រចិន​ខាងត្បូង ដែលខ្លួនអះអាងថា ជាអធិបតេយ្យភាព​របស់ខ្លួន ក្រោយមាន​ការគំរាមប្រើ​កម្លាំងយោធា​ពីទីក្រុងប៉េកាំង។ ម្យ៉ាងវិញទៀត ដោយសារតែ​ភាពតានតឹង​នេះដែរ ទើប ទីក្រុង​ហាណូយ និងទីក្រុង​ប៉េកាំង បានលុបចោល​ជំនួបនៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅហ្វីលីពីនកាលពី​សប្ដាហ៍មុន ស្របពេលក្រុម​អ្នកជំនាញ​ព្រួយបារម្ភខា្លចក្រែងថា ជម្លោះនៅ​សមុទ្រចិនខាងត្បូង អាចនឹង​ទាញឱ្យចិន និង​សហរដ្ឋអាមេរិក ប្រឈមមុខដាក់គ្នា​ដោយផ្ទាល់នៅថ្ងៃ​ណាមួយ៕