(ប៊ែរឡាំង)៖ ជាលើកដំបូងហើយដែល​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ លោក ស៊ីជម៉ា ហ្គាប្រៀល (Sigmar Gabriel) បានចេញមុខជំរុញឱ្យ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់​នូវការប្រើប្រាស់​វោហាស័ព្ទ គំរាមធ្វើ​សង្រ្គាម​ដាក់គ្នា​ទៅវិញ​ទៅមក បើទោះជា​អ្នកជំនាញខ្លះ​យល់ថា នេះគឺជាសង្រ្គាម​ពាក្យសម្ដីអត់ប្រយោជន៍​ក៏ដោយ ក៏ប៉ុន្តែកូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់ លោក Sigmar Gabriel ធ្វើឡើងនៅ​ក្នុងសេចក្ដីថ្លែងការណ៍​មួយចេញផ្សាយ​កាលពី​ថ្ងៃពុធ។ លោក Gabriel បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងជំរុញ​ឱ្យភាគី​ទាំងអស់​ប្រកាន់​ឥរិយាបថ​ធម្មតា ...ត្បិតការ​ប្រើប្រាស់​កម្លាំងយោធា​មិនមែន​ជាជម្រើស​ល្អ​ ក្នុងការដោះស្រាយ​បញ្ចប់បញ្ហា​នុយក្លេអ៊ែរ​នៅលើឧបទី្វប​កូរ៉េនោះទេ»។ បន្ថែមពីលើ​នេះ នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះដដែល លោក Gabriel ក៏បានអំពាវនាវ​ឱ្យមានការចូលរួម​បន្ថែមអនុវត្តន៍ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ ប្រឆាំងនឹង​កូរ៉េខាងជើង តែព្រមពេល​ជាមួយគ្នា លោកនៅតែ គាំទ្រលើ​សំណើ​របស់រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែលចង់រៀបចំកិច្ចចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង នៅពេលវេលាសាកសម​ណាមួយ។

គួរបញ្ជាក់ថា បន្ទាប់ពី​ការព្រមានប្រើប្រាស់​កម្លាំងយោធាពី លោក ដូណាល់ ត្រាំ កូរ៉េខាងជើង​ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃព្រហស្បតិ៍នេះ បានគំរាមវាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅលើ​កោះ (ហ្គាំ) Guam​ ហើយថា ផែនការ​វាយប្រហារនេះ​នឹងបញ្ចប់ឲ្យបានមុនពាក់​កណ្តាល​ខែសីហានេះ រួច​រាយ​ការណ៍​​ទៅ​កាន់​លោក គីម ជុង​អ៊ុន ដើម្បី​រង់​ចាំ​​បញ្ជា។ ក៏ប៉ុន្តែ​ក្រុមជំនាញ​មួយចំនួន​យល់ថា នេះគ្រាន់តែជាសង្រ្គាមពាក្យសម្ដី​តែប៉ុណ្ណោះ ពោលគឺ​នៅពេលនេះ​ទីក្រុងព្យុងយ៉ាង ពុំទាន់អាច​មានសមត្ថភាព​គ្រប់គ្រាន់​គំរាមកំហែងធ្ងន់ធ្ងរ​លើ​សហរដ្ឋអាមេរិក នៅឡើយទេ ខណៈ​កងទ័ព​អាមេរិកជាង ២៨,០០០នាក់ កំពុងឈរជើង​ស្រាប់នៅ​កូរ៉េខាងត្បូង។

ជាងនេះទៅទៀត បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន​មានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ៦,៨០០គ្រាប់ឯណោះ បើធៀប ទៅនឹងកូរ៉េខាងជើង​មានតែ ៦០គ្រាប់ប៉ុណ្ណោះ។ ចំណែកឯ​សហរដ្ឋអាមេរិកវិញ ក៏ពុំទាន់ហ៊ាន​ប្រថុយវាយប្រហារ​មុនលើ​កូរ៉េខាងជើងដែរ ពីព្រោះខ្លួនដឹងថា សង្រ្គាមជាមួយ​កូរ៉េខាងជើងគឺ ជាសង្រ្គាម​នុយក្លេអ៊ែរ អាចប្រើរយៈ​ពេលយូរ​ខាតបង់ច្រើន ហើយជាពិសេសនោះ​ចិនក៏នឹងមិនឈរ​មើល ឱ្យទីក្រុងវ៉ាស៊ីនតោន​វាយប្រហារ​លើទីក្រុងព្យុងយ៉ាង​ស្រេចតែចិត្តនោះដែរ៕