(បាងកក)៖ កងទ័ពអាកាសថៃ​កំពុងតែពង្រឹង​សមត្ថភាព​ កងយន្តហោះចម្បាំងរបស់ខ្លួន តាមរយៈ​ការប្រែក្លាយ​យន្តហោះ F-5E Tigers ទៅជាយន្តហោះ​ចម្បាំង​ធុន F-5T Super Tigers ជំនាន់ថ្មី។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

បើតាមសេចក្តី​ប្រកាស​របស់កងទ័ព​អាកាសថៃ យន្តហោះចម្បាំង​ទាំងនេះ នឹងទទួលបាន​ប្រព័ន្ធមីស៊ីល​រយៈចម្ងាយ​ឆ្ងាយ Python-4 និង I Derby, ប្រព័ន្ធ​រ៉ាដាថ្មី, ប្រព័ន្ធ​អេឡិចត្រូនិច​យុទ្ធសាស្រ្ត, និង​ប្រព័ន្ធ​​ការ​ពារ​គ្រោះមហន្តរាយ​ដទៃជាច្រើន​ទៀត។ សេចក្តីប្រកាស​ដដែល​បានគូស​បញ្ជាក់ថា «យន្តហោះ​ចម្បាំង-ទម្លាក់​​គ្រាប់បែក F-5E បានធ្វើ​ប្រតិបត្តិការ​ចាប់តាំងតែពី​ឆ្នាំ១៩៧៨មកម្ល៉េះ និងត្រូវគេ​ចាត់ទុកជា​យន្តហោះ​ជំនាន់ទីបី​ប៉ុណ្ណោះ ជាមួយសមត្ថភាព​មានដែនកំណត់ ហើយបើតាមតែ​បច្ចេកវិទ្យា​ហួសសម័យ​ទាំងអស់នេះ អ្នកមិនអាច​ប្រឈមមុខ​ទល់ទល់​ជាមួយ ការគំរាមកំហែង​នាពេលបច្ចុប្បន្ន​នោះឡើយ»

គួរបញ្ជាក់ថា ការកែលម្អ​សមត្ថភាពនេះ នឹងប្រែក្លាយយន្តហោះ​ចម្បាំងខាងលើរបស់ប្រទេសថៃ ទៅជាយន្តហោះ​ចម្បាំងជំនាន់ទី ៤ ឬ ៤.៥បាន ដែលប្រកាសនេះ ​អាចធ្វើឲ្យវា​មានសមត្ថភាព​ប្រហាក់ប្រហែល​នឹងយន្តហោះ​ចម្បាំង F-16A/B Fighting Falcons និង JAS-39C/D Gripen ជាដើម ហើយគោលដៅ​នៃគម្រោង​តម្លៃ ៩៦ដុល្លារ គឺដើម្បីបន្ត​អាយុកាលរបស់​យន្តហោះធុន F-5E Tigers នេះ​ឲ្យបាន១៥ឆ្នាំ៕