(សេអ៊ូល)៖ នៅចំពោះមុខសង្រ្គាម​ពាក្យសម្តីរវាង​ទីក្រុងព្យុងយ៉ាង និងទីក្រុង​វ៉ាស៊ីនតោន យោធា​កូរ៉េខាងជើង នា​ថ្ងៃព្រហស្បតិ៍នេះ​បានឲ្យដឹងថា ខ្លួន​កំពុង​គ្រោង​​​ធ្វើការ​បាញ់មីស៊ីលផ្លោង​រយៈចម្ងាយ​មធ្យម ទៅក្បែរៗកោះហ្គាំ (Guam) ដែលជាទីតាំង​យុទ្ធសាស្រ្ត​ដ៏សំខាន់ នៃមូលដ្ឋានទ័ព​ជើងទឹក​ និងជើងអាកាស​របស់​សហរដ្ឋអាមេរិក នៅពាក់​កណ្តាល​ខែសីហា​នេះ ដោយរង់ចាំតែការបញ្ជាឲ្យបាញ់ពីលោក គីម ជុងអ៊ុន ប៉ុណ្ណោះដើម្បីវាយប្រហារតែម្តង។ នេះ​បើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

បើតាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA មីស៊ីលផ្លោង​ប្រភេទ Hwasong-12 ចំនួន ០៤គ្រាប់ នឹងហោះ​ឆ្លងកាត់​ពីខេត្ត ស៊ីមែន (Shimane), ទីក្រុងហ៊ីរ៉ូម៉ា (Hiroshima), និងខេត្ត កយឈី (Koichi) នៃ​ប្រទេស​ជប៉ុន ជាមួយ​ចម្ងាយ ៣,៣៥៦.៧គីឡូម៉ែត្រ ក្នុងរយៈពេល​ប្រមាណជា ១៨នាទី មុន​ពេលធ្លាក់ចុះ​នៅផ្ទៃទឹក ដែលស្ថិត​នៅចម្ងាយ​​ចន្លោះ​ពី​ ៣០គីឡូម៉ែត្រ ​និង៤០គីឡូម៉ែត្រ ពីកោះហ្គាំ។ KCNA បានលើក​ឡើងថា​ទង្វើនេះ មាន​គោលដៅ ដើម្បីព្រមាន​ក៏ដូចជាកំញើញ​កងកម្លាំង​សត្រូវ​នៅ​ក្នុង​​មូល​ដ្ឋាន​យោធា នៅលើ​កោះហ្គាំ និងដើម្បីធ្វើជាការព្រមាន​ដ៏សំខាន់មួយ ចំពោះមហាអំណាចអាមេរិកទាំងមូលតែម្តង។

ការគំរាមរបស់​កូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗ​ដាក់កូរ៉េខាងជើងថា នឹងភ្លក្សរស​ជាតិ​ភ្លើងកំហឹង ដែលពិភពលោក​ពុំធ្លាប់បានឃើញពីមុន​មកជាក់ជាមិនខាន ប្រសិនរដ្ឋកុម្មុយនិស្តមួយនេះ នៅតែបន្ត​តាមសម្រេចមហិច្ឆតា​របស់ខ្លួន ក្នុងការវាយ​ប្រហារ​សហរដ្ឋអាមេរិក ជាមួយគ្រាប់​មីស៊ីលផ្លោង។ មេបញ្ជាការ​នៃកងអង្គភាព​យោធាកូរ៉េខាងជើង ទទួលបន្ទុក​ខាងបាញ់មីស៊ីល​បានថ្លែងថា «កិច្ចសន្ទនាគ្នា​ដោយ​សមហេតុផល គឺមិនអាចកើត​មានទៅរួចឡើយ ជាមួយបុរស​ខ្វះហេតុផល​ដូចជា​ លោក ដូណាល់ ត្រាំ ហើយមាន​តែការប្រើប្រាស់​កម្លាំងបាយ​​ជាក់​ស្តែងប៉ុណ្ណោះ ដែលសាកសម​នឹងបុគ្គលប្រភេទនេះ»

គួរបញ្ជាក់ថា កោះហ្គាំ គឺជាជម្រកនៃ​ប្រព័ន្ធយោធាសំខាន់ៗរ​បស់សហរដ្ឋអាមេរិក​ រួមមានទាំងយន្តហោះ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ B-1B, យន្តហោះទម្លាក់​​គ្រាប់បែក​យុទ្ធសាស្រ្ត B-52, ក៏ដូចជាប្រព័ន្ធ​ខែលការពារ​មីស៊ីល THAAD ជាដើម៕