(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង​ទើបផលិតបាន​ដោយជោគជ័យ នូវក្បាលគ្រាប់នុយក្លេអ៊ែរ​​មានទំហំតូច​ហើយស្រាល ដែលអាច​បំពាក់លើ​គ្រាប់មីស៊ីល ហើយនេះគឺជា​ការត្រួសត្រាយ​ផ្លូវមួយដ៏សំខាន់ នាំរបបដឹកនំា​ទីក្រុងព្យុងយ៉ាង ដើម្បីក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ។ នេះបើតាមការវិភាគ​របស់ក្រុមមន្ត្រី​ចារកម្មអាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Washington Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

យោងតាមការ​វិភាគខាងលើ ដែលបានបញ្ចប់ទាំង​ស្រុងកាលពី​ខែកក្កដា ដោយទីភ្នាក់ងារ​ស៊ើបការសម្ងាត់​លើវិស័យ​ការពារជាតិ ក៏បានជំរុញ​ឱ្យមានការ​វាយតម្លៃ​លើចំនួនក្បាល​គ្រាប់នុយក្លេ អ៊ែរ​របស់កូរ៉េខាងជើង​ផងដែរ ខណៈទីក្រុង​វ៉ាស៊ីនតោន​បានអះអាងថា បច្ចុប្បន្នរបបដឹកនាំ លោក គីម ជុងអ៊ុន មានក្បាលគ្រាប់​នុយក្លេអ៊ែរ ៦០គ្រាប់ រីឯអ្នកជំនាញ​ខ្លះយល់ថា ចំនួននេះនៅតិច​តួចស្ដួចស្ដើង​នៅឡើយ បើធៀបជា​មួយ​សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែអ្វីដែល​គេមិនអាចប្រកែក​បាននោះ​គឺថា កម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីល ICBM របស់​កូរ៉េខាងជើង កាន់តែរីកចំរើន​ទៅមុខ ពិសេស បន្ទាប់ពី​ការធ្វើតេស្ដមីស៊ីល​ឆ្លងទ្វីប​ប្រភេទនេះ ជាលើកទី០២ ដោយជោគជ័យ​កាលពី​ខែកក្កដាកន្លងទៅ ហើយមិនតែ​ប៉ុណ្ណោះ សូម្បីតែមន្ត្រី​យោធា​អាមេរិក​មួយចំនួន​ក៏បានទទួល ស្គាល់ដែរថា វាអាចនឹង​មានសមត្ថភាព​បាញ់ដល់​ដីគោក​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ​ស៊ើបការសម្ងាត់​អាមេរិកលើ​វិស័យការពារជាតិ បច្ចុប្បន្ន​កូរ៉េខាងជើង​មានក្បាលគ្រាប់​នុយក្លេអ៊ែរ​ពី ៣០ទៅ៦០គ្រាប់ ចំណែកឯ​សហរដ្ឋអាមេរិក​មាន ៦,៨០០គ្រាប់, រុស្ស៊ី ៧០០០គ្រាប់, បារាំង ៣០០គ្រាប់, ចិន ២៦០គ្រាប់, អង់គ្លេស ២១៥គ្រាប់, ប៉ាគីស្ថាន ១៤០គ្រាប់, ឥណ្ឌា ១៣០គ្រាប់ និង​អ៊ីស្រាអែល ៨០គ្រាប់៕