(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានជម្រុញឲ្យឥណ្ឌា ដកចេញភ្លាមៗនូវទាហានដែលកំពុងរំលោភចូលមកកាន់ទឹកដីរបស់ខ្លួន ត្រឡប់ទៅកាន់ទឹកដី នៅតំបន់ព្រំដែនឥណ្ឌាវិញ, នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ។​

លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានស្នើឲ្យភាគីឥណ្ឌា ដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស តាមរយៈកាយវិការដ៏ត្រឹមត្រូវ ដើម្បីស្តារឡើងវិញនូវសន្តិភាព និងភាពស្ងប់ស្ងាត់នាតំបន់ព្រំដែន។

ចាប់តាំងពីឧប្បវទ្ទហេតុបានកើតឡើង ចិនបានបង្ហាញនូវសុច្ឆន្ទៈល្អបំផុត ហើយបានព្យាយាមទាក់ទងជាមួយភាគីឥណ្ឌា តាមរយៈបណ្តាញការទូត ដើម្បីដោះស្រាយឧប្បទ្ទវហេតុនេះ។ កងកម្លាំងប្រដាប់អាវុធរបស់ចិន ក៏បានធ្វើការអត់ធ្មត់កម្រិតខ្ពស់ ជាមួយនឹងការមើលឃើញពីទំនាក់ទំនងទ្វេរភាគី និងសន្តិភាព និងស្ថេរភាពក្នុងតំបន់, នេះបើតាមសម្តីរបស់លោក Ren Guoqiang។

អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបន្តថា កងកម្លាំងប្រដាប់អាវុធចិន នឹងការពារយ៉ាងអង់អាចក្លាហាននូវអធិបតេយ្យភាពទឹកដី និងផលប្រយោជន៍ ផ្នែកសន្តិសុខ នៃប្រទេសរបស់ខ្លួន។

សូមជំរាបថា កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ចិនបានប្រកាសថា ទាហានការពារព្រំដែនរបស់ឥណ្ឌា បានឆ្លងព្រំដែនខុសច្បាប់ ចូលទៅកាន់ទឹកដីរបស់ចិន ហើយបានរារាំងការងារ សាងសង់ផ្លូវរបស់ចិន នៅលើទឹកដីរបស់ចិន ប៉ុន្តែចំណុចត្រូវបានខាងភាគីឥណ្ឌាប្រកាសជាទឹកដីរបស់ខ្លួន៕