(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានប្រកាសថាខ្លួនបានដោះលែងអាចារ្យគ្រឹស្ដសាសនាម្នាក់ ឱ្យមានសេរីភាពឡើងវិញក្រោមហេតុផលមនុស្សធម៌ ខណៈស្ថានភាពនៅលើឧបទ្វីប កូរ៉េកាន់តែតានតឹងឡើង ក្រោយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ផ្លោងសម្ដីធ្វើសង្រ្គាមដាក់គ្នាទៅវិញទៅមក។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។

យោងតាម KCNA លោក Lim Hyeon-su ជាជនជាតិកាណាដា ដើមកំណើតកូរ៉េ ត្រូវបានតុលាការមជ្ឈិមកូរ៉េខាងជើង ដោះលែងឱ្យមានសេរីភាព ដោយសាររូបលោកមានជំងឺប្រចាំកាយ ហើយការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងបន្ទាប់ពីប្រតិភូរដ្ឋាភិបាលកាណាដាមួយក្រុម បានធ្វើដំណើរទៅដល់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ ដើម្បីចរចាលើការដោះលែងអ្នកទោសរូបនេះ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីខែឆ្នូ ឆ្នាំ២០១៦ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល លោក គីម ជុងអ៊ុន។

តែយ៉ាងណាក៏ដោយ មកទល់ពេលនេះគេមិនទាន់ដឹងពីស្ថានភាពជំងឺពិតប្រាកដរបស់លោក Lim Hyeon-su នៅឡើយទេ ហើយគេក៏មិនទាន់អាចដឹងបានដែរថាអាចារ្យគ្រឹស្ដសាសនា រូបនេះ អាចនឹងមានវាសនាដូចនិស្សិតអាមេរិក Otto Warmbier​ ដែល​បានស្លាប់ ក្រោយត្រូវទីក្រុងព្យុងយ៉ាង ដោះលែងកាលពីខែមិថុនា បន្ទាប់ពីបានជាប់ពន្ធធនាគាររយៈពេល១៧ខែ នៅកូរ៉េខាងជើង ឬក៏យ៉ាងណានោះទេ៕