(ញូដេលី)៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិចិន លោក Ren Guiqiang បានបញ្ជាក់​យ៉ាងច្បាស់ថា កងទ័ពចិនពុំបាន​គ្រោងធ្វើសកម្មភាពយោធា ដើម្បីបណ្តេញ​កង​ទ័ព​ឥណ្ឌា​ចេញពីតំបន់​វិវាទ Doklam ដែលស្ថិតនៅ​ក្បែររដ្ឋ Sikkim របស់ប្រទេស​ឥណ្ឌា ដូចទៅនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វ​ផ្សាយ​ក្នុងស្រុក របស់ប្រទេស​ចិន​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។

ក្នុងគោលបំណងព្យាយាមកាត់បន្ថយភាពតានតឹង ក្រសួងការពារជាតិចិន​បានអញ្ជើញក្រុម​អ្នកកាសែតឥណ្ឌា ទៅកាន់ទីក្រុង​ប៉េកាំង និងបានបកស្រាយ​យ៉ាង​ច្បាស់ អំពី​គោលជំហរផ្លូវការ​របស់ពួកគេ ជុំវិញបញ្ហាជម្លោះ​នៅតំបន់ Doklam ហើយការ​លើកឡើង​ខាងលើរបស់ លោក Ren គឺជាការឆ្លើយតប​ទៅនឹងសំណួរ​​ចោទសួរ ពីសំណាក់ក្រុម​អ្នកសារព័ត៌មាន​ឥណ្ឌា ស្តីអំពីអត្ថបទ​ព័ត៌មាន​ចុះផ្សាយកាលពី​ពេលថ្មីៗនេះ ដោយទីភ្នាក់ងារ​ព័ត៌មានរដ្ឋចិន Global Times ដោយ​ផ្នែក​លើប្រភពពី​អ្នក​ជំនាញម្នាក់​។

លោក Ren បានថ្លែងថា «សេចក្តីរាយការណ៍​ទាំងនេះ បង្ហាញតែពី​ទស្សនៈយល់ឃើញ របស់បណ្តាញ​សារព័ត៌មាន និងក្រុមអ្នកវិភាគ​ប៉ុណ្ណោះ។ សម្រាប់ព័ត៌​មាន​ផ្លូវការ សូមទទួលយកពី​សេចក្តីថ្លែងការណ៍ធ្វើឡើងដោយ​បណ្តាអ្នកនាំពាក្យ​របស់ក្រសួង​ការបរទេស និងក្រសួងការពារជាតិ​ចិនផ្ទាល់»។ យ៉ាងណា​មិញ​ នាឱកាសនោះ អ្នកនាំពាក្យក្រសួង​ការពារជាតិ​ចិនរូបនេះ បានរំលេចពាក្យ​សម្តីរបស់មេដឹកនាំ ក៏ដូចជាមន្រ្តី​រដ្ឋាភិបាលចិនសាជាថ្មីម្តងទៀតថា កងទ័ពឥណ្ឌា​ត្រូវតែដកថយចេញពីចំណុចមាន​ជម្លោះ នៅតំបន់ Doklam។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងញូដេលី បានបន្តស្ថិតក្រោមការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ Doklam ដែលចំណុចព្រំដែនត្រីមុខរវាងឥណ្ឌា, ចិន, ប៊ូតាន ចាប់តាំងតែពីពាក់កណ្តាលខែមិថុនាឆ្នាំនេះមកម្ល៉េះ បន្ទាប់ពីកងទ័ពឥណ្ឌា បានទៅរារាំង​កងទ័ពចិនមិនឲ្យធ្វើការសាងសង់ផ្លូវថ្នល់ នៅក្នុងតំបន់នោះ៕