(វ៉ាស៊ីនតោន)៖ រយៈពេលចំនួន ២០០ថ្ងៃ កន្លងផុតទៅហើយ​​ចាប់តាំងតែពី លោក ដូណាល់ ត្រាំ បានស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតីទី ៤៥ របស់​​សហរដ្ឋ​​អា​មេ​រិក ប៉ុន្តែប្រជាជន​នៅក្នុងប្រទេស​មហាអំណាច​ពិភពលោក​មួយនេះ នៅតែមាន​ទស្សនៈផ្ទុយគ្នា​ដដែល ជុំវិញសំណួរថា តើគួរតែ​ទទួលយក​​ ឬមួយ​ក៏​ប្រឆាំង​​ការ​​ដឹក​នាំ​ជាតិ​​របស់ លោក ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។

យោងតាមការស្ទង់មតិ​មួយចេញផ្សាយ​ដោយ ស្ថានីយ៍ទូរទស្សន៍ CNN ក្នុងសប្តាហ៍នេះ​បានបង្ហាញឲ្យ​ឃើញថា កម្រិតគាំទ្ររបស់ លោក ដូណាល់ ត្រាំ នៅក្នុង​​ចំណោម​អ្នកសាធារណរដ្ឋ បានធ្លាក់ចុះ​ពី ៧៣ភាគរយ កាលពីខែកុម្ភៈ​មកនៅត្រឹម ៥៩ភាគរយ ប៉ុណ្ណោះ ខណៈប្រជា​ពលរដ្ឋ​អាមេរិក​ សរុបដល់ទៅ​មួយភាគបួន​បានឲ្យដឹងថា ពួកគេមិនអាច​ជឿទុកចិត្តលើ អ្វីដែលពួកគេ​លឺចេញពីសេតវិមាន​នោះឡើយ។

មនុស្សមួយចំនួន​បានបន្ទោស លោក ដូណាល់ ត្រាំ ដែលបានទទួលបរាជ័យ​ក្នុងអនុម័ត​ច្បាប់ ដើម្បីលុបចោល និងជំនួសច្បាប់​ធានារ៉ាប់រង​សុខភាព Obamacare ដែលបាន​បន្សល់ទុកពី​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា រួមទាំងការកោះហៅឲ្យមានឧត្តម​អង្គជំនុំជម្រះ ដោយរដ្ឋ​អាជ្ញាពិសេស ​លោក Robert Mueller ដែលមាននាទី​ស៊ើបអង្កេត​លើទំនាក់ទំនង​ រវាងរដ្ឋាភិបាល​រុស្ស៊ី និងយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ លោក ត្រាំ ថែម​ទៀត។

ដោយឡែក​ក្រុមអ្នកគាំទ្រ​យ៉ាងងប់ងល់​របស់ លោក ដូណាល់ ត្រាំ វិញ​បានសាទរ​ការប្រយុទ្ធប្រឆាំង​របស់លោក ចំពោះបណ្តាញ​សារព័ត៌មាន​អាមេរិក ដែល​ត្រូវបាន​ថ្កោលទោស​ដោយ លោក ត្រាំ ថា​បានធ្វើសេចក្តីរាយការណ៍​បំភ្លៃមិន​ពិតប្រាកដ។ ពួកគេទាំងនេះ ក៏បានកោត​សរសើរលោក​ប្រធានាធិបតីអាមេរិក​រូប​នេះ សម្រាប់ការធ្វើ​ឲ្យមានកំណើន​សេដ្ឋកិច្ច ក៏ដូចជា​គោលនយោបាយ​ប្រឆាំងជនអន្តោប្រវេសន៍​របស់លោក​ផងដែរ បើតាមលទ្ធផល​ចេញពី​ការស្ទង់មតិជា​ច្រើនកន្លងមក។

គួរបញ្ជាក់ថា បន្ទាប់ពីបាន​ទទួលជ័យជម្នះ​គួរឲ្យភ្ញាក់ផ្អើល នៅក្នុងការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ដែលជា​អតីតមហាសេដ្ឋី​អចលនទ្រព្យ​មកពីទីក្រុង​ញូយ៉ក បានស្បថ​ចូលកាន់តំណែង​ជាមេដឹកនាំថ្មី​របស់​សហរដ្ឋអាមេរិក បន្តពីលោក បារ៉ាក់ អូបាម៉ា កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕