(វ៉ាស៊ីនតោន)៖ ការស្ទាបស្ទង់ថ្មីមួយ​បានបង្ហាញថា ប្រជាជនអាមេរិក​ភាគច្រើន​​បានគំាទ្រលើ​គំនិត​ដាក់ពង្រាយ​កងទ័ពអាមេរិក​នៅលើឧបទ្វីបកូរ៉េ ដើម្បីធ្វើសង្គ្រាមការពារ​កូរ៉េខាងត្បូង នៅក្នុងករណីមាន​ការវាយប្រហារ​ជាយថាហេតុ​ណាមួយពីកូរ៉េខាងជើង។ នេះបើតាមវិទ្យាស្ថាន Chicago Council on Global Affairs ដកស្រង់ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។

វិទ្យាសា្ថន Chicago Council on Global Affairs ដែលបានដឹកនាំ​ការស្រាវជ្រាវ លើបញ្ហានេះចាប់តាំងពី​ឆ្នាំ១៩៩០មក នៅក្នុងការស្ទង់មតិ​របស់ខ្លួន ចេញផ្សាយ​កាលពីថ្ងៃចន្ទ​បានបញ្ជាក់ថា នេះគឺលើកទី​មួយ ដែលមាន​ប្រជាជនអាមេរិក​ភាគច្រើន គាំទ្រគំនិត​ដាក់ពង្រាយ​កងទ័ពអាមេរិក​នៅលើ​ឧបទ្វីបកូរ៉េ។ ប្រជាជនអាមេរិក ៦២ភាគរយ ​ដែលត្រូវបាន​សម្ភាសន៍​សុទ្ធតែបាន​និយាយថា ពួកគេ​យល់ស្របនឹង​ការប្រើប្រាស់កម្លាំង​យោធា ប្រឆាំងនឹងកូរ៉េខាងជើង បើសិនជា​ទីក្រុង​ព្យុងយ៉ាង ហ៊ានវាយប្រហារ​លើកូរ៉េខាងត្បូង ហើយតួរលេខនេះ​មានការកើន​ឡើង បើ​ធៀបទៅនឹងការស្ទង់​មតិ កាលពី​ឆ្នាំ២០១៥ ដែលប្រជាជន​អាមេរិកតែ ៤៧ភាគរយប៉ុណ្ណោះ​ឆ្លើយថា «Yes​» ឬព្រម។

ជាងនេះទៅទៀត បើតាមការស្ទង់​មតិនេះ ប្រជាជនអាមេរិក​មួយចំនួនធំ​ចាត់ទុកថា កូរ៉េខាងជើងជា​ការគំរាមកំហែង​មួយដ៏ធំ​ចំពោះសហរដ្ឋអាមេរិក រីឯប្រជាជន ៧៥ភាគរយ វាយតម្លៃថា បញ្ហា​កូរ៉េខាង​ជើង​ជារឿង​សំខាន់ ពោលគឺច្រើនជាង ១៥ពិន្ទុ បើធៀបទៅឆ្នាំ២០១៦ និងច្រើនជាង ២០ពិន្ទុ ប្រៀបធៀបកាលពីឆ្នាំ២០១៥។ បច្ចុប្បន្នបញ្ហាកូរ៉េខាងជើង​ត្រូវបានចាត់ទុកថា ជារឿងធំលេខ ១ ដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ ដោយសារតែប្រទេសសម្ព័ន្ធមិត្តចិនមួយនេះ កំពុងតែបង្កើនឥទ្ធិពលនៃគ្រាប់មីស៊ីល ដែលទីក្រុងព្យុងយ៉ាង​អះអាងថា នឹងអាចបាញ់ដល់ទឹកដីអាមេរិក ក្នុងពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ៕