(អាមេរិក)៖ ក្មេងប្រុសវ័យ ០៩ឆ្នាំ ដែលពោរពេញដោយមហិច្ឆតា​ម្នាក់ បានសរសេរសំបុត្រ​មួយច្បាប់ទៅកាន់​ទីភ្នាក់ងារអវកាស NASA ដើម្បីដាក់ពាក្យ​ធ្វើជា ​«មន្រ្តីការពារភពផែនដី» ជាមុខតំណែង​ដែលអង្គការ NASA បានប្រកាស​ជ្រើសរើសកាលពី​ពេលថ្មីៗ​កន្លងទៅនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន Telegraph នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។

សំបុត្ររបស់ក្មេងប្រុសថ្នាក់​ទីបួនមកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក​រូបនេះ មានអត្ថន័យ​ទាំងស្រុងដូច្នេះថា «ជូនចំពោះអង្គការ NASA... ខ្ញុំបាតឈ្មោះ Jack Davis ហើយខ្ញុំចង់ដាក់ពាក្យ​ធ្វើជាមន្រ្តីការពារភពផែនដី។ ខ្ញុំប្រហែលជា​មានអាយុត្រឹម ០៩ឆ្នាំប្រាកដមែន តែខ្ញុំយល់ថារូបខ្ញុំនឹង​សាកសមសម្រាប់​​តួនាទីនេះ។ ហេតុផលមួយនោះ​គឺថា បងស្រីរបស់​ខ្ញុំនិយាយថា ខ្ញុំគឺជាអេលៀន ហើយម៉្យាងវិញ​ទៀតខ្ញុំ ក៏ធ្លាប់បានមើលរឿង​អេលៀនអវកាស បានច្រើន​ផង​ដែរ​។ ខ្ញុំធ្លាប់បាន​មើលរឿងភាគ Marvel Agents of Shield ហើយខ្ញុំសង្ឃឹមថា នឹងអាចមើលរឿង Men In Black ទៀត។ ក្រៅពីនេះ​ខ្ញុំនៅក្មេង ដូច្នេះ​អាច​ហាត់​​​រៀន ដើម្បីគិតឲ្យដូចជា​អេលៀនបាន​»។ ជាចុងក្រោយកុមារាម្នាក់​នេះ បាន​បញ្ចប់​ខ្លឹមសារ​ដោយសរសេរថា «Jack Davis , Gaurdian of the Galaxy (អ្នក​ការ​ពារ​កាឡាក់ស៊ី)» ថែមទៀតផង។

បន្ទាប់ពីទទួល​បានលិខិតរបស់កុមារា Jack នាយកផ្នែក​វិទ្យាសាស្រ្តភព​របស់អង្គការ NASA បានធ្វើការឆ្លើយតប​ទៅវិញថា «នៅ NASA យើង​ស្រឡាញ់​និង​ចូលចិត្តបង្ហាត់​បង្រៀន និងបង្ហាញក្មេងៗអំពី​ទីអវកាស ហើយជំរុញលើក​ទឹកចិត្តពួកគេឲ្យ​ប្រែក្លាយខ្លួន ជាអ្នករុករក​បន្ទាប់។ ពួកយើងនឹង​ទន្ទឹងរង់ចាំ អ្នក​វិទ្យា​សាស្រ្ត​រួម​ទាំងវិស្វករ​​ជំនាន់ក្រោយ ដើម្បីជួយពួកយើង ដូច្នេះខ្ញុំសង្ឃឹមថា ប្អូននឹងខិតខំ​ប្រឹងប្រែង​សិក្សារៀនសូត្រ ហើយធ្វើឲ្យបានល្អ​នៅក្នុងសាលារៀន។ យើងសង្ឃឹមថា នឹងអាចជួប​ប្អូននៅទីនេះ គឺ NASA ក្នុងថ្ងៃណាមួយ»។ បន្ថែមពីនេះក្មេង​ប្រុសដែលពោរពេញ​ដោយមហិច្ឆតារូបនេះ ក៏ទទួលបាន​ការហៅទូរ​ស័ព្ទ​ពីនាយកផ្នែកស្រាវជ្រាវ​ភព​របស់ NASA ផងដែរ។

គួរបញ្ជាក់ថា ការសរសេរសំបុត្រដ៏គួរឲ្យរំភើប និងគួរឲ្យកោតសរសើរនេះ បានកើតមានឡើងបន្ទាប់ពី​ទីភ្នាក់ងារ NASA បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទៅដល់អ្នកតែងតែមានក្តីស្រមៃ ចង់ថែរក្សាការពារភពផែនដី ពីការឈ្លានពានរបស់អេលៀននោះថា ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងស្វែងរកម្ចាស់​មុខតំណែង​ជាមន្រ្តីការពារភព ជាបុគ្គលមួយរូប​ដែលមានតួនាទី ដឹកនាំកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការធ្វើយ៉ាងណា​បង្កាមិនឲ្យភពរបស់យើង ទទួលរងការបំពុល​ដោយសរីរាង្គ​មីក្រុបអេលៀន ដែលអាចដោយ​មកតាមយាន​អវកាស និងព្យាយាម​ការពារ​មិនឲ្យយាន​អវកាស ឬក្រុមអវកាស​យានិក​របស់ NASA បំពុលភព​ដទៃផ្សេងទៀត​នៅក្នុងចក្រវាឡ។

ទីភ្នាក់ងារអវកាសអាមេរិក បានគូសបញ្ជាក់ថា ការរក្សាការពារភពផែនដីឲ្យមានសភាពស្អាតជានិច្ច ពីសរីរាង្គមីក្រុបផ្សេងៗ ដែលអាចធ្វើដំណើរមកដល់​ទីនេះ ​តាមរយៈយានអវកាសនាំយកគំរូតាងពីលំហអាកាស ជាដើម គឺជាអាទិភាពខ្ពស់បំផុតយ៉ាងណាក្តី ក៏ប៉ុន្តែកាតព្វកិច្ចនេះ ក៏ត្រូវអនុវត្តន៍ក៏ដូចជាប្រើ​ប្រាស់​ទៅលើវត្ថុអវកាស​រួមទាំងភពដទៃៗ​ទៀត ដែលយានអវកាស​របស់អង្គការ NASA នេះ​ធ្វើដំណើរទៅដល់ផងដែរ។ អ្វីដែលពិសេសជាងនេះ​ទៅទៀត​នោះ គឺប្រាក់បៀវត្សន៍​សម្រាប់តួនាទី ដែលត្រូវបាន​បញ្ជាក់ថា មានចន្លោះពី ១២៤,៤០៦ដុល្លារ រហូតដល់ ១៨៧,០០០ដុល្លារ ក្នុងមួយខែឯណោះ៕