(ស៊ីដនី) ៖ ប្រតិបត្តិការស្វែងរកយ៉ាងធំមួយ បាននឹងកំពុងធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំងមួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិកបានធ្លាក់ នៅឈូងសមុទ្រប្រទេសអូស្ត្រាលី។ នេះបើយោងតាមសារព័ត៌មាន News.com.au ចេញផ្សាយនៅយប់ថ្ងៃទី៥ ខែសីហានេះ។

ក្រុមមន្ត្រីយោធា បានឲ្យដឹងតាមសេចក្តីថ្លែងការណ៍មួយ​ថា យន្តហោះប្រភេទ MV-22 បានធ្លាក់នៅភាគខាងកើត តំបន់ឈូងសមុទ្រ នៃប្រទេសអូស្ត្រាលី ហើយវាមិនទាន់ដឹងច្បាស់នោះទេ ថាតើមានសហសេវិកយន្តហោះ ចំនួនប៉ុន្មាននាក់ជិះនៅលើនោះ។

ក្រុមមន្ត្រីបានបន្ថែមថា មានទូកតូចៗ និងនាវាជាច្រើនគ្រឿង មកពីអង្គភាព 31st Marine Expeditionary Unite និងអង្គភាព Bonhomme Richard Expeditionary Strike Group បាននឹងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង ក្រោយប៉ុន្មានសប្តាហ៍ បន្ទាប់ពីយន្តហោះដឹកទំនិញមួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ចូលទៅក្នុងតំបន់ដីសណ្ត Mississippi បានសម្លាប់កងទាហានម៉ារីន១៥នាក់ និងកងទ័ពជើងទឹកម្នាក់ផងដែរ៕