(ការ៉ាកាស់)៖ ស្ថានភាពក្នុងប្រទេស​វេណេស៊ុយអេឡា​ កំពុងធ្លាក់ក្នុង​ស្ថានភាពយ៉ាប់យឺន​ជាខ្លាំង​ ដោយសារ​វិបត្តិ​នយោបាយ បង្កជាបាតុកម្ម​ដែលបណ្តាល​ឱ្យមនុស្សជាច្រើន​ត្រូវស្លាប់ និងចាប់ខ្លួន ជាពិសេស​គឺបង្កឱ្យមានការ​លូកដៃជ្រៀតជ្រែក​ ពីសំណាក់​មហាអំណាច​អាមេរិក ដែលជម្រុញ​ឱ្យស្ថានភាព​ក្នុងប្រទេសនេះ កាន់តែដុនដាប​ជាលំដាប់។ ខាងក្រោមនេះ​ជាព័ត៌មានសំខាន់ៗ​ ពាក់ព័ន្ធនឹងប្រទេស​នៅអាមេរិកខាងត្បូង​មួយនេះ៖

* រដ្ឋធានី៖ Caracas (ការ៉ាកាស់)
* ភាសាផ្លូវការ៖ អេស្ប៉ាញ
* អម្បូរជនជាតិ៖ ជនជាតិ Mestizo ៥១.៦%, ស្បែកស ៤៣.៦%, ស្បែកខ្មៅ ២.៩%, ជនជាតិអាហ្វ្រិក ០.៧%, និងចម្រុះជនជាតិ១.២%
* សាសនា៖ កាតូលិក ៧១%, ប្រូតេស្តង់ ១៧%, អ្នកគ្មានជំនឿលើសាសនា ៨%, សាសនាដទៃទៀត ៣%, ដោយឡែក ១% គ្មានព័ត៌មាន
* រដ្ឋាភិបាល៖ ប្រធានាធិបតីសហព័ន្ធ​សាធារណរដ្ឋ
* ប្រធានាធិបតី៖ លោក Nicolas Maduro
* អនុប្រធានាធិបតី៖ លោក Tareck El Aissami
* ប្រធានសភាជាតិ៖ លោក Julio Borges  
* ថ្ងៃទទួលបានឯករាជ្យ៖ ពីអេស្ប៉ាញថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៨១១ ពីហ្គ្រង់កូឡំប៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ១៨៣០
* ផ្ទៃដីសរុប៖ ៩១៦,៤៤៥គីឡូម៉ែត្រការ៉េ (ជាប់ចំណាត់ថ្នាក់ទី៣៣)
* ផ្ទៃទឹក៖ ០.៣២%
* ចំនួនប្រជាជន៖ ជាង៣១លាននាក់(ឆ្នាំ២០១៦)
* ដង់ស៊ីតេ៖ ៣៣.៧៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ
* GDPសរុប៖ ៤០៤.១០៩ពាន់លានដុល្លារ

១៖ ទីតាំងសណ្ឋានដី និងនយោបាយ
ប្រទេសវេណេស៊ុយអេឡា មានឈ្មោះជាផ្លូវការ​ថា សាធារណរដ្ឋបូលីវីនៃវេណេស៊ុយអេឡា មានទីតាំងស្ថិតនៅឆេ្នរភាគខាងជើង នៃដែនដីទ្វីបអាមេរិក​ខាងត្បូង។ ប្រទេសនេះមាន​ព្រំប្រទល់​ភាគខាងលិច​ជាប់ប្រទេសកូឡំប៊ី ខាងត្បូងជាប់​ប្រេស៊ីល ខាងកើតជាប់ប្រទេស​ហ្គាយ៉ាណា ព្រមទាំងកោះ Trinidad និងកោះ Tobago។ ប្រទេសនេះ​ជាជម្រកនៃពពួកសត្វ និងរុក្ខជាតិចម្រុះ​ជាច្រើនប្រភេទ (ជាប់ចំណាត់ថ្នាក់ទី៧លើលោក)។

ចាប់តាំងពីឆ្នាំ១៩៥៨ វេណេស៊ុយអេឡាស្ថិតក្រោមការដឹកនាំ របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ។ ភាពរំជើបរំជួល​ផ្នែកសេដ្ឋកិច្ច​ក្នុងទសវត្សរ៍​ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ជាមូលហេតុ​ដែលជម្រុញ​ឱ្យមានវិបត្តិ​នយោបាយ ព្រមទាំងបង្ក​ជាការធ្វើបាតុកម្ម​ក្នុងឆ្នាំ១៩៨៩ ព្រមទាំងគម្រោង​ធ្វើរដ្ឋប្រហារ​ក្នុងឆ្នាំ១៩៩០ ចំនួនពីរដង។

លើសពីនេះទៅទៀតនោះ គឺការចោទប្រកាន់​ទៅលើប្រធានាធិបតី Carlos Andres Perez ពីបទបន្លំប្រាក់​នៃមូលនីធិសាធារណៈ​ក្នុងឆ្នាំ១៩៩៣។ ការបាត់បង់​ទំនុកចិត្តពីសំណាក់​សាធារណជន ទៅលើបក្ស​នយោបាយ​ក្នុងការបោះឆ្នោត​ឆ្នាំ១៩៩៨ និងការកើតមាន​ឡើងនូវបដិវត្តន៍​បូឡាវី រួមជាមួយការ​ចាប់ផ្តើមនូវ​ការចាប់ផ្តើម​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​ថ្មី នៃវេណេស៊ុយអេឡាឆ្នាំ១៩៩៩។ រដ្ឋធម្មនុញ្ញថ្មីនេះ​បានផ្លាស់ប្តូរជាផ្លាស់​ប្តូរឈ្មោះ​ប្រទេសជាផ្លូវការ​ទៅជា សាធារណរដ្ឋ​បូឡាវី​នៃវេណេស៊ុយអេឡា។

២៖ ការគ្រប់គ្រងរដ្ឋបាល
ប្រទេសវេណេស៊ុយអេឡា ប្រកាន់របបសាធារណរដ្ឋ​សហព័ន្ធ ដែលមាន ២៣រដ្ឋ មានរដ្ឋធានីឈ្មោះ Caracas។ ប្រទេសនេះ​ជាប្រទេសដែលធ្វើ​នគររូបនីយកម្មខ្ពស់​បំផុត ក្នុងចំណោមប្រទេស​នៅអាមេរិកឡាទីន។ ប្រជាពលរដ្ឋ​ភាគច្រើនរស់នៅ​ក្នុងទីក្រុងភាគ​ខាងជើង ជាពិសេស​រដ្ឋធានី Caracas ដែលជាទីក្រុងធំ​ជាងគេនៅ​ក្នុងប្រទេស​វេណេស៊ុយអេឡា។

៣៖ ការដាក់អាណានិគម
ក្នុងឆ្នាំ១៤៩៨ ក្នុងអំឡុងនៃការធ្វើដំណើរជាលើកទីបី​ទៅកាន់​ទ្វីបអាមេរិក លោក Christopher Columbus បានបើកនាវា​ទៅក្បែរ Orinoco Delta និងដែនដី​នៃឈូងសមុទ្រ Paria (ជាប់ប្រទេសវេណេស៊ុយអេឡា)។ លោកបានជាប់​ចិត្តនឹងដែនដី​នេះជាខ្លាំង​រហូតចាត់​ទុកថា ជាដែនដីនៃឋានសួគ៌​ព្រមទាំងដាក់​ឈ្មោះតំបន់​នោះថា ដែនដីដ៏ស្រស់ត្រកាល​ ដែលបច្ចុប្បន្នបានក្លាយ​ជាឈ្មោះហៅ​ក្រៅ​ របស់ប្រទេសនេះតែម្តង។ ការធ្វើដំណើររបស់​លោកទៅកាន់​វេណេស៊ុយអេឡា ជាការបើកឱកាស​ដល់ប្រទេស​អេស្ប៉ាញ បានដាក់អាណានិគមលើដែនដីនេះក្នុង​ឆ្នាំ១៥២២ ដែលជាការដាក់​អាណានិគមលើអាមេរិក​ខាងត្បូង​ជាអចិន្ត្រៃយ៍លើកដំបូង ក្នុងទីក្រុង Cumana ក្នុងពេល​បច្ចុប្បន្ន។ ប្រទេសវេណេស៊ុយអេឡាធ្លាប់ស្ថិតក្រោម​អាណានិគម​របស់​ប្រទេស អេស្ប៉ាញ  ដោយការដណ្តើម​បានពីជនជាតិ​ដើម។  នៅអំឡុង​នៃសតវត្សរ៍ទី១៩  ប្រទេសវេណេស៊ុយអេឡា​ត្រូវរងគ្រោះ​ដោយ​ភាពចលាចល​ផ្នែកនយោបាយ និងរបបបុគ្គល​និយម​ក្រោមការដឹកនាំ​របស់ពួកយោធា ហើយបន្តរហូត​ដល់ពាក់កណ្តាល​សតវត្សរ៍ទី២០។

៤៖ ការប្រកាសឯករាជ្យសតវត្សរ៍ទី១៩
បន្ទាប់ពីមាន​ការធ្វើចលនាបះបោរ​បរាជ័យ​ជាច្រើនលើក​ច្រើនសា ប្រទេស​វេណេស៊ុយអេឡាក្រោមការដឹកនាំ​របស់ លោក Francisco de Miranda ជាមន្ត្រីជនជាតិ​វេណេស៊ុយអេឡាដែលបានងើបឡើង​ធ្វើសកម្មភាព​ក្នុងបដិវត្តន៍​អាមេរិក និងបារាំង នាំឱ្យប្រទេសនេះ​ត្រូវបានប្រកាស​ឯករាជ្យ​នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៨១១។ តែជាអកុសល ប្រជាពលរដ្ឋវេណេស៊ុយអេឡា​នៅពេលនោះ មិនបានដឹងទេថា វាគ្រាន់តែ​ជាការចាប់ផ្តើម​នៃសង្គ្រាម​ប៉ុណ្ណោះ ព្រោះថា​ប្រទេសនេះ​ត្រូវធ្លាក់​ទៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ដែនដី Gran Colombia (សំដៅលើដែនដី​ស្ថិតនៅភាគខាងជើង​បំផុត នៃទ្វីបអាមេរិកខាងត្បូង ដែលក្នុងនោះ​រួមមាន ប្រទេស កូឡុំប៊ី វេណេស៊ុយអេឡា អេក្វាឌ័រ ប៉េរ៉ូ​ភាគខាងជើង ហ្គាយ៉ាណា​ភាគខាងលិច និងប្រេស៊ីលភាគពាយ័ព្យ)។ ប្រទេសវេណេស៊ុយអេឡា​ត្រូវរងចាំ​រហូតដល់​ថ្ងៃទី១៣ ខែមករា ឆ្នាំ១៨៣០ ទើបទទួលបាន​ឯករាជ្យ​ផ្តាច់ខ្លួនពី​ដែនដី Gran Colombia។

៥៖ សេដ្ឋកិច្ច និងវិបត្តិ
ប្រទេសវេណេស៊ុយអេឡា ទើបតែរកឃើញប្រេង​ក្នុងដើមសតវត្សរ៍ទី២០។ ប្រទេសនេះ​ត្រូវ​បានគេចាត់ទុកជា ​ប្រទេសស្តុកប្រេងធំជាងគេលើ​ពិភពលោក និងជាប្រទេស​នាំមុខគេក្នុងការ​នាំចេញប្រេង​ ទៅក្រៅប្រទេសផងដែរ។ កាលពី​មុនវេណេស៊ុយអេឡា ធ្លាប់នាំចេញ​ផលិតផល​កសិកម្ម តែមិនគ្រប់គ្រាន់​តាមតម្រូវការ​ដែលក្នុងនោះ​មានដូចជា កាហ្វេ កាកាវ ប្រេង ដែលបានគ្របដណ្តប់​ខ្ពស់​ ទៅលើប្រាក់ចំណូល​របស់រដ្ឋាភិបាល។

ការធ្លាក់ចុះនៃ​តម្លៃប្រេងក្នុង​ទសវត្សរ៍ឆ្នាំ១៩៨០ នាំឱ្យមានវិបត្តិបំណុល និងការបន្តអូស​បន្លាយនូវ​វិបត្តិសេដ្ឋកិច្ច ដែលបង្កជាអតិផរណា​រហូតដល់ ១០០ភាគរយ​ក្នុងឆ្នាំ១៩៩៦ និងអត្រា​នៃភាពក្រីក្រ​កើនឡើង​រហូតដល់ ៦៦ភាគរយក្នុង​ឆ្នាំ១៩៩៥។ តម្លៃប្រេង​ក្នុងដើមទសវត្សរ៍​ឆ្នាំ២០០០ បានចាប់ផ្តើមប្រសើរ​ឡើងវិញ។ បន្ទាប់មករដ្ឋាភិបាលនេះ បានបង្កើតគោល​នយោបាយអ្នក​ប្រជានិយម ដែលមាន​បំណងចង់​ជម្រុញសេដ្ឋកិច្ច និងបង្កើនការ​ចំណាយឱ្យបាន​ខ្ពស់ក្នុងសង្គម ជាពិសេសកាត់​បន្ថយភាពក្រីក្រ និងអសមភាពសេដ្ឋកិច្ច។

យ៉ាងនេះក្តីគោលនយោបាយនេះ ក្រោយមកបានបង្ក​ជាភាពវិវាទកើតឡើង បង្កការរិះគន់​យ៉ាងធ្ងន់ធ្ងរ ដោយសារវាបង្ក​ជាអស្ថិរភាព​សេដ្ឋកិច្ច ជាលទ្ធផលវា​បណ្តាលឱ្យមានអតិផរណា​ខ្ពស់ហួសប្រមាណ ព្រមទាំងសម្ពាធ​សេដ្ឋកិច្ច ភាពក្រីក្រ អត្រាស្លាប់កុមារ កង្វះអាហារូបត្ថម្ភ និងបទឧក្រិដ្ឋ​កើនឡើង។

៦៖ បាតុកម្មវេណេស៊ុយអេឡាឆ្នាំ២០១៧
បាតុកម្មដែលកំពុង​បង្កវិបត្តិយ៉ាងធ្ងន់ធ្ងរ​ដល់ ប្រទេសវេណេស៊ុយអេឡាក្នុងពេលបច្ចុប្បន្ន​នេះ បានចាប់ផ្តើមឡើង​តំាងពី​ខែមករា ឆ្នាំ២០១៧ បន្ទាប់មាន​ការចាប់ខ្លួនទៅ​លើមេដឹកនាំ​បក្សប្រឆាំង និងការលុបចោល​កិច្ចពិភាក្សា​រវាងមេដឹកនាំ​បក្សប្រឆាំង និងរដ្ឋាភិបាល​រ​បស់ លោក Nicolas Maduro។ ខណៈដែល​ភាពតានតឹង​នៅតែបន្តកើត​មានឡើង វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ​២០១៧ ក៏បានកើតឡើង​ជាបន្តនៅចុងខែមីនា​កន្លងទៅនេះ បន្ទាប់ពីតុលាការ​យុត្តិធម៌​កំពូល​ ដែលគាំទ្រ លោក Maduro បានប្រកាស​រំលាយចោលសភា ដែលដឹកនាំ​ដោយ​បក្សប្រឆាំង។ វាបានបង្កជាបាតុកម្មដ៏តានតឹងផ្ទុះឡើងទូទាំងប្រទេស។

រហូតដល់​ខែមេសា បាតុកម្មបានកើនឡើង​ជាលំដាប់រហូតត្រូវបាន​ចាត់ទុកថា​ បាតុកម្មទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មាន រាប់​ចាប់តាំង​ពីរលកនៃចលនាបះបោរ​ឆ្នាំ២០១៤ កន្លងទៅនេះ ដែលវាបណ្តាល​ឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់​ ធ្វើបាតុកម្មជារៀងរាល់ថ្ងៃ។ សូម​ជម្រាបថា បច្ចុប្បន្នមហាអំណាច​សហរដ្ឋអាមេរិក កំពុងលូកដៃ​ពេញទំហឹង​ ដើម្បីអន្តរាគមន៍​ទៅលើវិបត្តិ​នៅក្នុងប្រទេស វេណេស៊ុយអេឡា តែមិនមែន​មានន័យថា ប្រជាពលរដ្ឋ​នៃដែនដីនេះ ពិតជាពេញចិត្ត​ទាំងស្រុង​ទៅលើទង្វើ​របស់មហាអំណាច​អាមេរិក​នោះទេ៕

បកប្រែ និងសម្រួល​ដោយ៖ អ៊ឹត ចណ្ណា