(អាមេរិក)៖ អ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទៃលំហអាកាស ពុំមែនសុទ្ធតែមានរាងមូលតឹលនោះឡើយ ខណៈក្រុមអ្នក​វិទ្យាសាស្រ្ត គិតថាវត្ថុអវកាសដ៏សែន​ត្រជាក់​ ដែលជាគោលដៅបន្ទាប់​នៃការហោះ Flyby របស់យាន​អវកាស New Horizons អាចនឹងមានរូបរាងខុសប្លែក​ពីធម្មតាខ្លាំង។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ​ចេញពីវែបសាយ​បច្ចេកវិទ្យា-វិទ្យាសាស្រ្ត CNET នៅរសៀល​ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់អវកាស NASA កំពុងបញ្ជូនយានអវកាស New Horizons សំដៅឆ្ពោះទៅកាន់វត្ថុអវកាសមួយ របស់ខ្សែក្រវាត់​ខៃភើ (Kuiper Belt) មានឈ្មោះថា MU69 2014 ហើយវាត្រូវចំណាយពេល​ប្រមាណជា ១៧ខែទៀត ទើបទៅ​ដល់គោលដៅ​ថ្មីនេះ ក៏ប៉ុន្តែអ្នក​វិទ្យាសាស្រ្ត បាននិងកំពុង​ប្រមូលទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន ពាក់ព័ន្ធនឹងវត្ថុអវកាស​ដ៏សែនឆ្ងាយនេះ​រួចទៅហើយ ហើយវាមើលទៅ​គួរចាប់​អារម្មណ៍យ៉ាងខ្លាំង។

បន្ទាប់ពីសម្រេច​បានជោគជ័យ​ដ៏អស្ចារ្យកាលពី​ឆ្នាំ២០១៥ នៅភពមិន​ពេញលក្ខណៈ ភ្លុយតូ យានអវកាស New Horizon បានបន្តដំណើរ​ផ្សងព្រេងឆ្ពោះ​ទៅ​កាន់ខ្សែក្រវាត់ Kuiper ជាតំបន់មួយដែល​ពោរពេញទៅដោយ ដុំថ្មអវកាស​ត្រជាក់ៗ នៅហួសឆ្ងាយពី​គន្លងគោចររបស់​ភពភ្លុយតូទៅទៀត ហើយ MU69 ដែល​​អង្គការ NASA ប៉ាន់ប្រមាណថា មានមុខកាត់មិនលើសពី ៤៥គីឡូម៉ែត្រនោះ គឺស្ថិតក្នុង​តំបន់នេះ។

វត្ថុអវកាស MU69 បានហោះឆ្លងកាត់​ពីមុខផ្កាយមួយដួង កាលពីពាក់កណ្តាល​ខែកក្កដាកន្លងទៅ ហើយកែវយឺតនៅលើភពផែនដី អង្កេតឃើញទិសដៅ​របស់​វា​បានទាន់ពេលវេលា ដើម្បីក្រឡេកមើល​ស្រមោលរបស់វត្ថុអវកាសនេះ។ ឱកាសនោះ​បានលាត​ត្រដាងថា KBO (MU69) ប្រហែលជាមិនមែន​រាងមូលធម្មតាៗនោះ​ឡើយ ដោយវាអាចនឹង​មានរាងដូចបាល់​អោបរបស់អាមេរិក ឬក៏ជាដុំថ្មអវកាស​ពីរដាច់ដោយ​ឡែកពីគ្នា តែធ្វើដំណើរ​គោចរកៀកគ្នា​ខ្លាំង ហើយម៉្យាង​វិញ​ទៀត វាអាចជាវត្ថុ​មួយដុំ ដែលមានផ្នែកមួយចំនួន​របេះ និងដាច់បាត់។

ក្រុម​បេសកកម្ម New Horizon រំពឹងថា យានអវកាស​របស់ពួកគេ នឹងទៅដល់គោលដៅ​របស់វាបានទាន់ពេលវេលា សម្រាប់ការហោះ Flyby នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ហើយ NASA បានឲ្យដឹងថា វានឹងក្លាយជាការហោះ Flyby ដែលស្ថិតនៅឆ្ងាយ​ដាច់ស្រយាលជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត​នៃការ​ស្រាវជ្រាវ​រុករកទីអវកាស ពោលគឺប្រមាណ​មួយពាន់លានគីឡូម៉ែត្រ​ផុតពីភពភ្លុយតូ៕