(ការ៉ាកាស់)៖ ទីបំផុតសភាធម្មនុញ្ញថ្មីនៃប្រទេសវេណេស៊ុយអេឡា (ANC) បានចាប់ផ្តើមបើកសម័យប្រជុំ​របស់ខ្លួន​ជាផ្លូវការលើកដំបូងហើយ បន្ទាប់ពីក្រុមដឹកនាំរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសជោគជ័យ​ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ ចំពោះមុខការថ្កោលទោស និងដាក់ទណ្ឌកម្មធ្ងន់ៗពីសហរដ្ឋអាមេរិក ព្រមទាំង​បណ្តាប្រទេសប្លុកសេដ្ឋកិច្ច នៃតំបន់អាមេរិកឡាទីនមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

សម្រាប់ថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលានៅ​ទីក្រុងការ៉ាកាស់) លោកស្រី Delcy Rodriguez ដែលជាអតីត​រដ្ឋមន្ត្រីការបរទេស ត្រូវបានតែងតាំងជា​ប្រធានសភាធម្មនុញ្ញថ្មី​របស់វេណេស៊ុយអេឡា ដោយសមាជិកសភា​ទើបជាប់ឆ្នោតថ្មីទាំងអស់បានលើកឡើងថា ពួកគេនឹងបង្កើតអង្គនីតិបញ្ញតិថ្មី ដើម្បីឆ្លើយតបទៅតាមការចង់បាន​របស់ប្រជាជនវេណេស៊ុយអេឡាទាំងអស់ ហើយវាក៏នឹងជំនួសសភាបច្ចុប្បន្ន ដែលកំពុងតែគ្រប់គ្រងដោយ​គណបក្សប្រឆាំងផងដែរ។

បន្ថែមពីនេះទៀត លោក Aristobulo Isturiz អតីតអនុប្រធានាធិបតី​វេណេស៊ុយអេឡា ត្រូវបានតែងតាំង​ជា​​អនុប្រធានទី១ នៃរដ្ឋសភា ANC ចំពោះមុខ​ការរិះគន់ និងថ្កោលទោស​ពីបក្សប្រឆាំង ព្រមទាំងប្រទេស​ប្លុកជាមួយ​គ្នាថា អ្វីដែល​ប្រធានាធិបតី លោក ម៉ាឌូរ៉ូ កំពុងធ្វើនា​ពេលនេះ គឺជាការប្រឹងប្រែង​ក្តោបក្តាប់អំណាចក្នុងដៃ ខណៈអាមេរិកបាន​ហៅលោកថា ជាមេដឹកនាំផ្តាច់ការ​នៅអាមេរិកឡាទីន​មួយរូប។ គួរបញ្ជាក់ថា គណបក្សប្រឆាំង​វេណេស៊ុយអេឡា ក៏បានប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងសម័យប្រជុំសភាធម្មនុញ្ញថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ ប៉ុន្តែស្ថានការណ៍ជាទូទៅ នៅមិនទាន់មាន​ការបញ្ជាក់នោះឡើយ៕