(រ៉ូម)៖ ប្រធាននៃគណៈកម្មាធិការ​ពាណិជ្ជកម្ម រុស្ស៊ី-អ៊ីតាលី លោក Rosario Alessandrello បានអះអាងថា ទណ្ឌកម្មថ្មីប្រឆាំង​នឹងរុស្ស៊ីដោយសហរដ្ឋអាមេរិក នឹងជះផលប៉ះពាល់​អាក្រក់យ៉ាងខ្លាំង ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់អឺរ៉ុប នៅក្នុង​ប្រទេសរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

លោក Alessandrello បានចង្អុលបង្ហាញថា គោលដៅចម្បង​របស់ទណ្ឌកម្ម​អាមេរិក គឺធ្វើ​យ៉ាងណា​ឲ្យក្រុមហ៊ុន​រុស្ស៊ី និងអឺរ៉ុប​មានទំនាស់នឹងគ្នា និង​បង្ខំ​អឺរ៉ុប​ឲ្យដើរផ្លូវទាល់​ច្រក​ក្នុងវិស័យថាមពល ហើយជំរុញអឺរ៉ុប​ឲ្យធ្វើការនាំចូល​ឧស្ម័ន​ពីសហរដ្ឋអាមេរិកវិញ។ ឧស្ម័នរបស់​អាមេរិក មានតម្លៃថ្លៃ​ជាងឧស្ម័ន​របស់រុស្ស៊ី ហើយវាក៏ពិបាក​ជាងក្នុងការទាញយក​ផងដែរ។ យោងតាមលោក Alessandrello ទណ្ឌកម្មថ្មី​ទាំងនេះ នឹងប៉ះពាល់ជា​ខ្លាំងដល់សមត្ថភាព​របស់រុស្ស៊ី និងអឺរ៉ុប ក្នុងការយោគយល់​អធ្យាស្រ័យគ្នា នៅក្នុងវិស័យថាមពល។

គួរបញ្ជាក់ថា ជុំវិញការដាក់​ទណ្ឌកម្មពីសំណាក់​ទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូ​ក៏បានលើកឡើង​ដែរថា វាគឺជាការធ្វើសង្រ្គាម​ពាណិជ្ជកម្ម ដើម្បីដណ្តើម​យក​​ទីផ្សារ​ឧស្ម័នពី​ប្រទេសរុស្ស៊ី៕​