(ប្រេស៊ីឡា)៖ ប្រេស៊ីលគ្រោង​នឹងធ្វើការការពារ សំណើសុំដក​សមាជិកភាពជា​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ចេញពីក្រុម​ប្លុក Mercosur នៃតំបន់​​អា​មេ​រិក​ខាង​ត្បូង​ នាថ្ងៃសៅរ៍​សប្តាហ៍នេះ នៅក្នុងជំនួបមួយ​រវាងរដ្ឋមន្រ្តីការបរទេស​នៃបណ្តា​ប្រទេស​ជាសមាជិក រហូតទាល់តែ​លទ្ធិប្រជាធិបតេយ្យ​បាន​វិលមក​ដូច​​ដើមវិញ នៅក្នុងប្រទេស​វេណេស៊ុយអេឡា។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីការបរទេស​ប្រេស៊ីល លោក Aloysio Nunes បានថ្លែងឲ្យដឹងថា វាមិនអាចលើកលែង​ឲ្យបានឡើយ ចំពោះការដែល​យើងមានមេដឹកនាំ​ផ្តាច់ការមួយ​រូប នៅក្នុងលើទឹកដី​នៃតំបន់អាមេរិក​ខាងត្បូង។ ម៉្យាងវិញទៀត សព្វថ្ងៃនេះ ស្ថានភាពនៃ​លទ្ធិប្រជាធិបតេយ្យ នៅវេណេស៊ុយអេឡា បានធ្លាក់ចុះយ៉ាងខ្លាំង​ក្លា ហើយជាលទ្ធផល ប្រេស៊ីលនឹងដាក់​សំណើថា ប្រទេសវេណេស៊ុយឡា​នឹងត្រូវព្យួរសមាជិកភាព​របស់ខ្លួន ពីប្លុក Mercosur រហូតទាល់តែ​លទ្ធិប្រជាធិប​តេយ្យ វិលមករកសភាព​ត្រឹមត្រូវ​ដូចដើមវិញ។

គួរបញ្ជាក់ថា Mercosur ឬទីផ្សាររួមនៅ​ភាគខាងត្បូង គឺជាប្លុកអនុតំបន់​ពាណិជ្ជកម្ម ប្រចាំតំបន់​អាមេរិកឡាទីន ដែលមានគោលដៅ​លើកកម្ពស់ការ​ធ្វើពាណិជ្ជ​កម្មសេរី និងការផ្តល់​សេវាកម្ម, ដឹកជញ្ជូនទំនិញ, និងធ្វើដំណើរ​ដោយរលូន។ រដ្ឋមន្រ្តីការបរទេស​ប្រេស៊ីល, អាហ្សង់ទីន, ប៉ារ៉ាហ្គាយ, និងអ៊ុយរ៉ាហ្គាយ ដែល​ជាសមាជិកពេញលេញ​របស់ប្លុក Mercosur នោះ នឹងជួបជុំគ្នា​នៅក្នុងទីក្រុង Sao Paulo ដើម្បីជជែកពិភាក្សា​គ្នាអំពី ចំណាត់ការឆ្លើយតប​របស់ពួកគេ ចំពោះ​​វិបត្តិនៅ​វេណេស៊ុយអេឡា៕