(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឆាប់ៗនេះនឹងធ្វើការបោះឆ្នោតចំពោះ​ដំណោះស្រាយ​​ថ្មី ដែលនឹងក្លាយជាទណ្ឌកម្មធ្ងន់ធ្ងរជាងមុនទៅលើទីក្រុងព្យុងយ៉ាង ឆ្លើយតបទៅនឹងភាពរឹងទទឹង​ក្នុងការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកទីពីរកាលពីសប្តាហ៍មុន ហើយក៏ទទួលបានជោគជ័យថែមទៀត ដែលវាត្រូវបាន អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើការថ្កោលទោស​ក្នុងកម្រិតធ្ងន់ធ្ងរបំផុត។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

ចំពោះសេចក្តីព្រាងនៃទណ្ឌកម្មខាងលើនេះ គឺត្រូវបានតាក់តែងឡើងដោយសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដោយមានគោលដៅកាត់បន្ថយ ប្រាក់ចំណូលក្នុងវិស័យពាណិជ្ជកម្ម​របស់ប្រទេស​កូរ៉េខាងជើង ឲ្យបានយ៉ាង​ហោចណាស់ ១ ភាគ ៣ ឬមកនៅត្រឹម ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាល​អាមេរិក​​មួយរូបបាន​ប្រាប់ យ៉ុនហាប់ យ៉ាងដូច្នេះថា «យើងបានដាក់សេចក្តីព្រាងនៃដំណោះស្រាយ ទៅកាន់ក្រុមប្រឹក្សា​សន្តិសុខ UN ហើយ និងសង្ឃឹមថា វានឹងត្រូវអនុម័ត​ទទួលស្គាល់ក្នុងពេលឆាប់ៗ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចេញចំណាត់ការក្តៅលើកនេះ ក្រោយពីខ្លួនបាន​អះអាងថា កិច្ចពិភាក្សា និងសម្ពាធទៅ​លើប្រទេសចិន ឲ្យជួយចាត់វិធានការ​ទៅលើប្រទេស​កូរ៉េខាងជើងនោះ ពុំបានចេញជាផ្លែផ្កាអ្វីសោះ ឡើយ ហើយទណ្ឌកម្មលើនេះ​វាប្រាកដណាស់ថា នឹងធ្វើឲ្យប៉ះពាល់ដល់​ប្រទេសចិនផងដែរ ព្រោះទីក្រុងប៉េកាំង​គឺជាដៃគូពាណិជ្ជកម្មធំលេខ១ សម្រាប់កូរ៉េខាងជើងតែម្តង៕