(វ៉ាស៊ីនតោន)៖ ទោះបីជាពិភពលោកទាំងមូល បានសម្តែងការខកចិត្ត និងរិះគន់ខ្លាំងៗចំពោះជំហរអាមេរិក ដែលបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលទីក្រុងវ៉ាស៊ីនតោនខ្លួនឯងជាអ្នក​បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥នោះក៏ដោយ ក៏រដ្ឋបាល លោក ដូណាល់ ត្រាំ ពេលនេះមិនមានការរង្គោះ​រង្គើចិត្តបន្តិចដែរ ហើយនៅតែបញ្ជូនលិខិតបញ្ជាក់ពីការដកខ្លួននេះ ទៅកាន់អង្គការសហប្រជាជាតិថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា «អាមេរិកនៅតែបើកចំហចំពោះ​កិច្ចសហការជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ ប្រសិនបើអាមេរិកមើលឃើញថា វាមានលក្ខណៈ​ពិសេសណាមួយដែលអាចឲ្យអាមេរិកទទួលយកបាន ដើម្បីប្រយោជន៍របស់អ្នកបម្រើការងារ ប្រជាជន និងពាណិជ្ជករនានារបស់យើង»។ បន្ថែមពីនេះអាមេរិក ក៏នៅតែបន្តចូលរួមក្នុងវេទិកាអាកាសធាតុពិភពលោក និងការបម្រែបម្រួលអាកាសធាតុដដែល បើទោះជាខ្លួនបានលុបហត្ថលេខាចេញពីកិច្ចព្រមព្រៀងប៉ារីសក៏ដោយ។

គួរបញ្ជាក់ថា រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលតាំងខ្លួនជាអ្នកគិតគូរបំផុតអំពីសេដ្ឋកិច្ច និងអំណាចរបស់​អាមេរិកនោះ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់ ស្តីពីកិច្ចការពារអាកាសធាតុនៅទីក្រុងប៉ារីស​កាលពីប៉ុន្មានខែមុននេះ ដោយលោកបានអះអាងថា វាជាការធ្វើឲ្យអាមេរិកខាតបង់ប្រយោជន៍ និងចុះថយអំណាច​ខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។ លោក ត្រាំ ធ្លាប់បានបញ្ជាក់ថា «បើអាមេរិកនៅតែបន្តទៀតនោះ រហូតដល់ឆ្នាំ២០៤០ យើងនឹងខាតបង់សេដ្ឋកិច្ច ០៣ពាន់ពាន់លានដុល្លារ សម្រាប់ប្រាក់ចំណូលក្នុងស្រុករុប GDP និង ប្រជាជន ៦.៥នាក់ ត្រូវបាត់បង់ការងារក្នុងវិស័យឧស្សាហកម្ម»