(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចុះហត្ថលេខា​ទៅលើច្បាប់មួយ ដែលផ្តល់ការ​សិក្សាអប់រំ​ដោយឥតបង់ថ្លៃ នៅក្នុងសាកលវិទ្យា​ល័យរដ្ឋទាំងអស់ ដោយមិនខ្វាយខ្វល់​ពី​ការឲ្យ​យោលបល់ ពីសំណាក់​ទីប្រឹក្សាគ្រប់គ្រង​សេដ្ឋកិច្ចរបស់លោក ដែលចង់ឲ្យរូបលោក​បដិសេធ ចំពោះវិធាន​ការ​​នេះឡើយ។ នេះបើតាមការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៧។

លោក Menardo Guevarra មន្រ្តីជាន់ខ្ពស់​ហ្វីលីពីន​បានឲ្យដឹងថា លោក​ប្រធានាធិបតី ឌូតឺតេ មានជំនឿជឿ​ជាក់ថា សារៈប្រយោជន៍​របស់ច្បាប់នេះ គឺមាន​តម្លៃធំធេង​ជាងបញ្ហារឿង​កញ្ចប់ថវិកា​រយៈពេលខ្លី ដែលអាចនឹង​កើតមានឡើង​នាពេលអនាគត។ នៅមុនការ​ចុះហត្ថលេខា ទីប្រឹក្សាគ្រប់គ្រង​សេដ្ឋកិច្ច​របស់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើក​ឡើងថា រដ្ឋាភិបាល​ហ្វីលីពីន នឹងពុំមានលទ្ធភាព​ទ្រទ្រង់លើ​ការចំណាយ ដែលបណ្តាល​មកពីវិធានការ សិក្សាឲ្យឥតបង់ថ្លៃ​នេះ​បានឡើយ ដែលវាត្រូវបាន​ប៉ាន់ប្រមាណថា មានចំនួនដល់ទៅ ១០០ពាន់លានប៉េសូ (០២ពាន់លានដុល្លារ) ក្នុង​មួយឆ្នាំៗ។

បន្ថែមពីនេះទីប្រឹក្សា​របស់ លោក ឌូតឺតេ បានឲ្យយោបល់​ទៀតថា ការផ្តល់ការអប់រំ​ដោយឥតបង់ថ្លៃ នៅឯសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋ (SUC) នឹង​មិន​ផ្តល់​​អត្ថប្រយោជន៍​ដល់ជនក្រីក្រ​នោះឡើយ ដោយសារ​និស្សិតត្រឹមតែ ១២ភាគរយប៉ុណ្ណោះ ដែលសិក្សានៅ SUC ស្ថិតក្នុងគ្រួសារ​ដែលមាន​ប្រាក់​ចំណូល​ទាប។ ដោយឡែក​ព្រឹទ្ធសមាជិក​ហ្វីលីពីន លោក Franklin Drilon បានបញ្ជាក់ថា ចំណាត់ការ​ផ្តល់ការអប់រំ​ដោយ​ឥតបង់ថ្លៃ នៅតាមបណ្តា​គ្រឹះស្ថាន​ឧត្តម​​សិក្សា​​រដ្ឋ​នេះ នឹងទាមទារ​ឲ្យមានការចំណាយត្រឹមតែចន្លោះ​ពី ២០-២៥ពាន់លានប៉េសូ ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលជាចំនួន​ទាបជាង​ឆ្ងាយ បើធៀបនឹង​ការ​ប៉ាន់​ស្មាន​​របស់ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក ឌូតឺតេ។

គួរបញ្ជាក់ថា បើតាម លោក Guevarra ការផ្តល់ការសិក្សាអប់រំ ដោយឥតបង់ថ្លៃនៅតាម SUC គឺជាសសរទ្រូងដ៏រឹងមាំមួយ នៃគោលនយោបាយអភិវឌ្ឍន៍​សង្គម​របស់លោកប្រធានាធិបតីហ្វីលីពីន៕