(ម៉ានីល)៖ គ្រោះរញ្ជួយផែនដី​កម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារ​តំបន់​ភាគខាងត្បូង នៃប្រទេស​ហ្វីលីពីន ខណៈពុំទាន់មាន​សេចក្តីរាយការណ៍​ថា​ មាន​ការ​បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិ ឬក៏មនុស្សរងគ្រោះ​​នៅឡើយទេ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

វិទ្យាស្ថានជាតិ​ហ្វីលីពីននៃបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដី Phivolcs បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង​កាលឡើងកាល​ពីវេលាម៉ោង ៨៖៣០នាព្រឹក​ថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅចម្ងាយប្រមាណ ២២គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ក្រុង Malapatan ខេត្ត Sarangani ស្ថិតលើប្រជុំកោះ Mindanao ភាគខាង​ត្បូង​ប្រទេស​ហ្វីលីពីន ជាមួយជម្រៅ ៣០គីឡូម៉ែត្រ។ ម៉្យាងវិញទៀត បើតាម​វិទ្យាស្ថាន Phivolcs គ្រោះរញ្ជួយផែន ដែលមានឥទ្ធិពល​ខ្លាំងគ្រាន់បើនេះ ទំនងជា​មិន​បង្កការបំផ្លិចបំផ្លាញ ឬធ្វើឲ្យមនុស្សរងគ្រោះ​នោះឡើយ។

គួរបញ្ជាក់ថា ហ្វីលីពីន​ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសាគរប៉ាស្វិក «Pacific Ring of Fire» ដែលជាតំបន់​ងាយនឹងរងគ្រោះ​ពីករណីរញ្ជួយផែនដី និងបន្ទុះភ្នំភ្លើងជាទីបំផុត៕