(វ៉ាស៊ីនតោន)៖ សមាជិកសភាជាន់ខ្ពស់​សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា នឹងចាត់វិធានការ ដើម្បីរារាំងមិន​ឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើ​ការ​តែងតាំង​មន្រ្តីណាមួយ​បានឡើយ ក្នុងអំឡុងពេល​ឈប់សម្រាក​របស់សភា នាខែសីហានេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។

ព្រឹទ្ធសភាអាមេរិក​បានមូលមតិគ្នា​ជាឯកច្ឆ័ន្ទបែបនេះ បន្ទាប់ពីមាន​ការរិះគន់ជាច្រើន​លើកច្រើនសា​ពីសំណាក់ លោកប្រធានាធិបតី​អាមេរិក ចំពោះអគ្គរដ្ឋអា​ជ្ញា​លោក Jeff Sessions ដែលបានបង្ក​ឲ្យកើតមាន​ជាក្តីព្រួយបារម្ភ​យ៉ាងខ្លាំងថា លោក Sessions នឹងត្រូវបញ្ឈប់​ពីតំណែងនាពេល​ឆាប់ៗ​ខាងមុខ។ ព្រឹទ្ធសភា​​អាមេរិក នឹងកោះឲ្យ​មានការបើកសម័យ​ប្រជុំពិសេស ជារៀងរាល់បីថ្ងៃម្តង​រហូតដល់​ខែកញ្ញា ខណៈកិច្ចប្រជុំនេះ​ជាទូទៅត្រូវបានគេ​រាយការណ៍ថា នឹងមានរយៈ​ពេលត្រឹមតែ​មួយនាទី​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់ចំជា​សាធារណៈចំពោះ លោក Sessions តាមរយៈសារ Twitter ជាច្រើនបន្តបន្ទាប់គ្នា​កាល​ពី​​ពេលថ្មីៗ​កន្លង​ទៅនេះ បន្ទាប់ពីប្រមុខ​រដ្ឋអាជ្ញារូបនេះ បានសុំដកខ្លួន​ចេញពីការ​ស៊ើបអង្កេត​របស់ក្រសួង​យុត្តិធម៌ ទៅលើពាក្យ​ចចាមអារ៉ាម​ ក៏ដូចជាការចោទប្រកាន់ ដែលថា​ រដ្ឋាភិបាលរុស្ស៊ី​បានលូកដៃចូលក្នុង​ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី​កាលពី​ឆ្នាំ២០១៦ ដោយរួមដៃ​ជាមួយយុទ្ធនាការ​ឃោសនារបស់ លោក ត្រាំ។ លោក ត្រាំ ក៏បានស្តី​បន្ទោស លោក Sessions ដែលពុំបាន​បណ្តេញមន្រ្តី​ជាន់ខ្ពស់មួយចំនួន របស់ក្រសួង​យុត្តិធម៌អាមេរិក និងមិនបន្ត​ការស៊ើបអង្កេត​ទៅលើ​អតីតបេក្ខភាព​ប្រធានាធិបតី លោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ៕ ​