(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតរថយន្ត​ដ៏ល្បីៗរបស់​ប្រទេសជប៉ុន Toyota និង Mazda ដែលជាគូប្រជែង​យ៉ាងស្វិតស្វាញ​នឹងគ្នានោះ​បានប្រកាសថា នឹងសាង​សង់​រោងចក្រ​តំឡើងរថយន្ត​រួមគ្នា​មួយកន្លែង​នៅសហរដ្ឋអាមេរិក ក្នុងគម្រោង​ដែលមាន​តម្លៃ ១.៦ពាន់លានដុល្លារ ហើយនឹង​បង្កើត​ការងា​រប្រមាណ ៤,០០០​កន្លែងថែមទៀតផង។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន ABC News នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។

រោងចក្រខាងលើ​ត្រូវគេរាយការណ៍ថា នឹងមានសមត្ថភាព​ផលិតយានយន្ត​បានចំនួន ៣០០,០០០គ្រឿង ក្នុងមួយឆ្នាំៗ ដោយចង្វាក់​ផលិតកម្មនឹងត្រូវ​បែង​ចែកដោយស្មើភាព សម្រាប់ក្រុមហ៊ុនផលិត​រថយន្ត​ទាំងពីរនេះ ហើយគម្រោង​រោងចក្រតម្លៃ ១.៦ពាន់លានដុល្លារ នេះនឹងផ្តល់ឱកាសការងារ​ប្រហែល​ ​៤,០០០​កន្លែង នៅ​​ពេល​ដែល​វាត្រូវបើកឲ្យ​ដំណើរការ​នាឆ្នាំ២០២១​ខាងមុខ។

គួរបញ្ជាក់ថា រោងចក្រតំឡើងរថយន្តថ្មីនេះ នឹងក្លាយជាលទ្ធផលដ៏ល្អមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បានសន្យាថា នឹង​បង្កើតវិស័យផលិតកម្ម និងពង្រីកចំនួនការងារ ឲ្យប្រជាជនក៏ដូចជាអ្នកជំនាញខាងផ្នែកយានយន្ត​របស់អាមេរិក៕