(ប៉េកំាង)៖ អ្នកជំនាញលើសំណុំរឿងកូរ៉េខាងជើង​បាន​និយាយថា សហរដ្ឋអាមេរិក​មិនគួរទុកចិត្តលើចិន​ពេកនោះទេ ក្នុងការទប់ស្កាត់ ឬដាក់សម្ពាធលើទីក្រុង​ព្យុងយ៉ាង ខណៈទីក្រុងប៉េកាំង ហាក់ដូចជា​មិនបានប្រឹងឱ្យ​អស់ពេញដៃពេញ​ជើង ប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន ឡើយ បើសិនជាផលប្រយោជន៍​សេដ្ឋកិច្ច ឬសន្តិសុខរបស់ចិន​មិនស្ថិតនៅក្រោម​ការគំរាមកំហែង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។

ការលើក​ឡើងបែបនេះ​មានន័យថា ចិននៅតែបន្តព្យាយាមស្វែងរកទឹកដី​កណ្ដាលមួយ នោះគឺ​កូរ៉េខាងជើង ដើម្បីរក្សាសន្តិភាពនៅតាមតំបន់ព្រំដែន ចំពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង។ ជុំវិញបញ្ហានេះដែរ លោក Balbina Hwang អតីតទីប្រឹក្សា​អាមេរិកប្រចាំ​តំបន់អាស៊ីខាងកើត​ ក្រោមអតីតរដ្ឋបាល​លោក​ប្រធានាធិបតី George W. Bush បាន ប្រាប់​សារព័ត៌មាន The Korea Times ថា ចិននៅតែ​បន្តគាំទ្រ​កូរ៉េខាងជើង​ទំាងផ្លូវការ និងមិនផ្លូវការ ត្បិតនៅ​ពេលនេះ សហរដ្ឋអាមេរិក​កាន់តែពង្រីកឥទ្ធិពលយោធា​នៅក្នុងតំបន់ តាមរយៈការធ្វើ​សមយុទ្ធយោធា​ជារឿយៗជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅលើតំបន់​ឧបទ្វីបកូរ៉េ ដើម្បីកំញើញ​កូរ៉េខាងជើង។

ជាងនេះ​ទៅទៀត​ចិនកាន់តែ​មិនអាចគ្មាន​កូរ៉េខាងជើង ​ដោយ​សារតែ​ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ក៏ដូចជាគំរាមដាក់ទណ្ឌកម្មលើការធ្វើ​ពាណិជ្ជកម្មជាមួយចិន​ផងដែរ។ ដូច្នេះហើយ​ទើបអ្នកជំនាញខ្លះយល់ថា ទីក្រុង​ប៉េកាំង​ដាក់ទណ្ឌកម្មប្រឆាំង​កូរ៉េខាងជើង គ្រាន់តែបង្រ្គប់កិច្ច​ការពារមុខមាត់​របស់ខ្លួន​នៅលើឆាក​អន្តរជាតិ ដោយឱ្យគេគ្រប់គ្នា​មើល​ឃើញថា ចិនបានចូលរួមចំណែក​ជាមួយសហគមន៍​អន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែនៅខាង​ក្រោយខ្នង​ចិនចាំបាច់​ត្រូវការ កូរ៉េខាងជើង​ដើម្បីទប់ទល់​នឹងការពង្រីកឥទ្ធិពល​របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាម​អ្នកជំនាញ​អាមេរិកមួយចំនួន កូរ៉េខាងជើង​ទំនងជាអាចនឹងបាញ់​សាកល្បងមីស៊ីលផ្លោង ឬក៏អាវុធនុយក្លេអ៊ែរ​សាជាថ្មី ក្នុងពេលឆាប់ៗនេះ​រីឯសហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ថា បានគ្រោងនឹងបញ្ជូនយន្ដហោះ​ចម្បាំង F-16 ចំនួន ១២គ្រឿង និងកងទ័ព​អាកាស ២០០នាក់ បន្ថែមទៀត​ឱ្យមកឈរជើង​នៅ​កូរ៉េខាងត្បូង៕