(ប៊ែរឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់​បានសម្រេចចិត្ត បណ្ដេញមន្ត្រីចារកិច្ចវៀតណាមម្នាក់ ចេញពី​ប្រទេស​ក្នុងរយៈពេល ៤៨ម៉ោង ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងការពង្រត់​បុរសម្នាក់ ឈ្មោះ Trinh Xuan Thanh ដែលគេជឿជាក់ថា ត្រូវបានគេចាប់បញ្ចូល​ទៅក្នុងរថយន្ដមួយគ្រឿង ​របស់ជនប្រដាប់​អាវុធមួយក្រុម នៅឯសួនសត្វមួយ​កន្លែងក្នុង​ទីក្រុងប៊ែរឡាំង។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ លោក Trinh Xuan Thanh ដែលស្ថិតនៅក្រោមដីកា​ចាប់ខ្លួន បានបាត់ខ្លួន​កាលពី ០៩ថ្ងៃមុននេះ នៅក្នុងទីក្រុង​ប៊ែរឡាំង។ «ការចាប់ពង្រត់​ជនជាតិ​វៀតណាម លោក Trinh Xuan Thanh នៅលើទឹកដី​អាល្លឺម៉ង់ គឺជារឿងមួយ​មិនអាចទទួល​យកបាន និងរំលោភ​យ៉ាងធ្ងន់ធ្ងរលើ​ច្បាប់អាល្លឺម៉ង់ និងច្បាប់​អន្តរជាតិ»។ នេះជាការលើក​ឡើងរបស់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់ ​លោក Martin Schaefer។ តែយ៉ាងណាក៏ដោយ ក្រសួង​ការបរទេស​វៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ​បានសម្ដែងការ​សោកស្ដាយ និងច្រានចោល ការចោទប្រកាន់ថា ទីក្រុងហាណូយ​បានចាប់ពង្រត់​អតីតនាយកប្រតិបត្តិក្រុមហ៊ុន​ប្រេង​វៀតណាម PetroVietnam លោក Trinh Xuan Thanh។

គួរបញ្ជាក់ថា លោក Trinh Xuan Thanh ត្រូវបានគេចោទ​ប្រកាន់ថា បានកឹបកេងលុយជាង ១៥០លានដុល្លារ ហើយរដ្ឋាភិបាល​ទីក្រុងហាណូយ ក៏បានចេញដីកា​អន្តរជាតិ​តាមចាប់ខ្លួន រូបលោកកាលពី​ខែកញ្ញា ឆ្នាំ២០១៦ផងដែរ ខណៈអតីតនាយកប្រតិបត្តិ​ក្រុមហ៊ុនប្រេង​រូបនេះ ត្រូវគេរាយការណ៍​ថា បានស្នើសុំសិទ្ធិជ្រកកោន​នៅអាល្លឺម៉ង់៕

Trinh Xuan Thanh