(ប៉េកាំង)៖ រដ្ឋាភិបាលចិន​នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជាបន្ទាន់ ជុំវិញករណីបាញ់ប្រហារនៅឯអគ្គកុងស្ថានស៊ុលចិន ប្រចំាទីក្រុងឡូសអាន់ជែឡែស។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

យោងតាមប៉ូលិស​អាមេរិក​បុរសជាជនជាតិ​អាស៊ីម្នាក់ បានបាញ់កាំភ្លើង​ជាច្រើនគ្រាប់ នៅខាងក្រៅ​ស្ថានកុងស៊ុលចិន ក្នុងទីក្រុងឡូសអាន់ជែឡែស​កាលពីព្រឹក​ថ្ងៃអង្គារ មុននឹងរូបគេ​បាញ់សម្លាប់ខ្លួន។ ហេតុការណ៍បាញ់បោះនេះ​ ត្រូវបានគេរាយការណ៍​នៅម៉ោង ៦៖០០នាទីព្រឹក ដោយមិន​បានបង្កឱ្យនរណា​ម្នាក់រងរបួស​នោះទេ ប៉ុន្តែបុរសជា​ខ្មាន់កាំភ្លើងមាន​អាយុប្រហែល ៦០ឆ្នាំ បានបាញ់​សម្លាប់​ខ្លួនឯង ហើយសាកសពរបស់គាត់​ត្រូវបានគេប្រទះឃើញ​នៅក្នុងរថយន្ដ​មួយគ្រឿង ស្ថិតនៅចំងាយ ២០ម៉ែត្រ ពីការិយាល័យ​ស្ថានកុងស៊ុលចិន។

ពាក់ព័ន្ធនឹង​បញ្ហានេះដែរ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក Geng Shuang បានស្នើឱ្យ​សហរដ្ឋអាមេរិក បើកស៊ើបអង្កេតជាបន្ទាន់ឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបានលើ​ករណីនេះ ក៏ដូចជា​ចាត់វិធានការ​ចាំបាច់ទាំង​ឡាយ ដើម្បីធានា​សុវត្ថិភាព និងសន្តិសុខ​សម្រាប់​មន្ត្រីនៃអគ្គស្ថាន​កុងស៊ុលចិន៕