​(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានអះអាងថាស្ថានទូតរុស្ស៊ីប្រចាំទីក្រុងដាម៉ាស់ ប្រទេសស៊ីរី ត្រូវរងការវាយប្រហារដោយពួកភេរវករ។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយ ការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនាយប់ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់ដូច្នេះថា៖«យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មលើស្ថានទូតរុស្ស៊ី ប្រចាំ ទីក្រុងដាម៉ាស់ ហើយយើងសូមបញ្ជាក់ឡើងវិញថា រុស្ស៊ីចង់ឱ្យមានការយកចិត្តទុកដាក់កាន់តែច្រើនឡើងលើការវាយប្រហាររបៀបនេះ របស់ពួកភេរវករប្រឆាំងនឹងសង្កាត់ទីប្រជុំជនក្នុង ទីក្រុងដាម៉ាស់ និងប្រជាជនស៊ីវិលស៊ីរី...ខណៈរៀងរាល់ថ្ងៃជនស៊ីវិល ស្រ្តីនិងកុមារ បានក្លាយជាជនរងគ្រោះនៃអំពើដ៏សាហាវនេះ»។

គួរបញ្ជក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ ទីក្រុងមូស្គូក៏បានជំរុញឱ្យបណ្ដាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ បញេ្ចញប្រតិកម្មលើការវាយប្រហារទំាងឡាយណាប្រឆាំងនឹងបេសកកម្មទូត រុស្ស៊ីនៅស៊ីរី៕