(ប៉េកាំង)៖ កងទ័ពជើងទឹកចិន ​ដែលកំពុងមានការីកចម្រើន​យ៉ាងឆាប់រហ័សនោះ បានដាក់ដំណើរ​នាវាផ្គត់ផ្គង់ដ៏ធំជាងគេបំផុត​ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នា​សប្តាហ៍នេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

យោងតាមសេចក្តីរាយការណ៍​របស់សារព័ត៌មាន​ចិន South China Morning Post គេបានកត់​សម្គាល់ឃើញ​នាវាយក្ស​ខាងលើ នៅក្នុង​ទីក្រុង Zhanjiang ដែលមានបំពាក់​លេខ​អត្តសញ្ញាណ លេខសម្គាល់ ៩៦៥ កាលពី​ថ្ងៃចន្ទដើម​សប្តាហ៍នេះ ជាភស្តុតាង​បង្ហាញថា វាត្រូវបានដាក់​ឲ្យដំណើរការហើយ ខណៈនាវាមួយ​គ្រឿងនេះ​​មានទំហំធំជាង​ទ្វេដង បើធៀបនឹង​នាវាផ្គត់ផ្គង់​ជំនាន់មុន។ នាវាផ្គត់ផ្គង់​ដ៏ធំសម្បើមដូចជា Type 901 នេះ អាចដើរ​តួនា​ទី​ស្នូល​ដ៏​សំខាន់​​មួយ ​នៅក្នុង​កងនាវា​ដឹកយន្តហោះចម្បាំង ដោយនឹង​ត្រូវស្តុកទុក​ក៏ដូចជានាំ​​យកប្រេង, សព្វាវុធ, និងបរិក្ខាមូលដ្ឋាន​ចាំបាច់ផ្សេងៗ ដើម្បីផ្គត់ផ្គង់​ទៅឲ្យនាវា​ដទៃៗទៀត នៅក្នុង​កងទ័ពជើងទឹក​របស់ប្រទេសចិន។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំង Liaoning របស់ចិន បានដាក់ឲ្យដំណើរ​ការ​កាលពីឆ្នាំ២០១៦ ហើយនាវាដឹកយន្តហោះ​ចម្បាំងមួយគ្រឿង​ទៀតមាន​​ឈ្មោះថា Type-001 ត្រូវបានសម្ពោធ​កាលពី​ខែមេសា ឆ្នាំ២០១៧នេះ ខណៈគម្រោង​ជាច្រើនផ្សេងទៀត កំពុងត្រូវបាន​រៀបចំឡើង សម្រាប់ការសាងសង់​នាវាដឹកយន្តហោះ​ចម្បាំងជំនាន់ថ្មី ដែលផលិត​ក្នុងស្រុកមួយគ្រឿងថែមទៀតផងដែរ។ ក្រៅពីនេះ​ចិនក៏ទើបតែ បានបើកសម្ពោធ​មូលដ្ឋានយោធាជើងទឹក​​​ក្រៅប្រទេស​ដំបូងបង្អស់របស់ខ្លួន នៅឯប្រទេស Djibouti ផងដែរ ដើម្បីជ្រោមជ្រែង​ដល់ប្រតិបត្តិការ​ប្រឆាំងករណី​ចោរសមុទ្រ នៅក្បែរ​ប្រទេសសូម៉ាលី និងជួយធានា​សុវត្ថិភាពដល់​ផ្លូវធ្វើដំណើរ របស់កប៉ាល់​ពាណិជ្ជកម្ម នៅតាមផ្លូវទឹកដ៏​សំខាន់នេះ៕